ស្ថានភាពនៅកោះហុងកុងបន្តតានតឹង ដដែល នៅពេលនេះមេដឹកនាំក្រុមបាតុករ មានបំណងជួបពិភាក្សាជាមួយមេដឹកនាំចិន ដោយផ្ទាល់។
មេដឹកនាំក្រុមបាតុករក្រុងហុងកុង លោក ចូសហ័រ វ៉ុង (Joshua Wong) បាននិយាយថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ត្រូវបានស្វាមគន៍ដើម្បីជួបពិភាក្សាជាមួយ ក្រុមបាតុកតដោយផ្ទាល់ និងបើកចំហរ ។
លោក Joshua Wong មានអាយុ២២ឆ្នាំ និងជាមេដឹកនាំដ៏មានឥទ្ធិពលម្នាក់ នៃគណ បក្សប្រឆាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ឌែម៉ូស៊ីស្តូ (Demosistō) បានធ្វើការកត់សម្គាល់ខាងលើនៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា វិបត្តិនៅក្នុងទីក្រុងហុងកុងអាចនឹងត្រួវបានបញ្ចប់ បើសិនជាលោក ស៊ី ជិនពីង ជួបជាមួយក្រុមបាតុករដោយផ្ទាល់។ ប៉ុន្តែទន្ទឹមគ្នាក្រុមមន្ត្រីចិនបានចាត់ទុកថា ការលើកឡើងបែបនេះ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង ដែលជាដែនដីអធិប តេយ្យភាពមួយរបស់ចិន។
គួរបញ្ជាក់ថា លោក Joshua Wong គឺជាមេដឹកនាំក្រុមប្រឆាំងនៅក្រុងហុងកុងដ៏មានឥទ្ធិពលម្នាក់ ហើយលោក ក៏ធ្លាប់ជាប់ឃុំក្នុងរយៈពេលខ្លីផងដែរ ដោយសារតែលោកបានដឹកនាំការធ្វើបាតុកម្មតវ៉ាទាមទារ លទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។ យ៉ាងណាក៏ដោយទីក្រុងប៉េកាំង ហាក់មិនបានសញ្ញាណាមួយក្នុងការបន្ធូរដៃនោះឡើយ ដោយខ្លួនបានអំពាវនាវឲ្យមានការ ចាប់ខ្លួនក្រុមបាតុករដែលបង្កហិង្សា និងព្រមានបរទេសមិនឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ខាថាយប៉ាស៊ីហ្វិក (Cathay Pacific) លោក រូភើត ហូក (Rupert Hogg) បានសម្រេចចិត្តលាលែងចេញពីតំណែង ហើយក្រុមប្រក្សាភិបាលក្រុមហ៊ុនមួយនេះ ក៏បានទទួលយក ពាក្យសុំលាលែងរបស់លោកដែរ។
ការលាលែងចេញពីតំណែងរបស់លោក Rupert Hogg ត្រូវបានរាយការណ៍ដំបូងដោយ សារព័ត៌មានរដ្ឋចិន CCTV ដែលបានបញ្ជាក់ថា លោក ផូល លូ (Paul Loo) ជាប្រធានផ្នែកអតិថិជន និងពាណិជ្ជកម្មរបស់ក្រុមហ៊ុន Cathay ក៏បានលាលែងចេញតំណែងផងដែរ។
ម្យ៉ាងវិញទៀតការលាលែងតំណែងរបស់លោក Hogg ធ្វើឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ មានមូលដ្ឋានក្នុងទីក្រុងហុងកុងមួយនេះ បណ្ដេញបុគ្គលិកបួននាក់ ក្នុងនោះរួមមានពីរឡុតពីរនាក់ និងបុគ្គលិកអាកាសយានដ្ឋានពីរនាក់ ដែលត្រូវបានគេចោទថា ចូលរួមក្នុងបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលក្រុងហុងកុង។
គួរបញ្ជាក់ថា លោក Rupert Hogg មានអាយុ ៥៦ឆ្នាំ បានក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Cathay នៅខែឧសភា ឆ្នាំ២០១៧។ អាកាសចរណ៍ Cathay Pacific គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានទីស្នាក់ការ នៅក្នុងអគារព្រលានយន្តហោះអន្តរជាតិ នៃទីក្រុងហុងកុងផ្ទាល់តែម្តង។ អាកាសចរណ៍ប្រចាំទីក្រុងហុងកុងនេះ មានគោលដៅហោះហើរទៅមកបណ្តាប្រទេសជាង ៦០ នៅទូទាំងពិភពលោក និងមានបុគ្គលិកបម្រើការងារសរុបជាង ៣២,០០០នាក់៕