ភ្នំពេញ៖ សម្រាប់ទស្សនិកជនដែលនិយមស្តាប់ចម្រៀងរបស់អ្នកម្នាង សៀងឌី និងញាតិមិត្តជិតឆ្ងាយ ដែលស្គាល់អតីតតារាចម្រៀងជំនាន់ដើមរូបនេះពិតជាក្តុកក្តួលនិងសោកស្តាយណាស់ ខណៈលោកស្រីបានទទួលមរណភាពនៅទឹកដីសហរដ្ឋអាមេរិក។
ប្រភពពីសហរដ្ឋអាមេរិកបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន អ្នកម្នាង សៀង ឌី បានដួលបោកក្បាល បណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យមួយ នាទឹកដីអាមេរិក បង្កឲ្យមានការព្រួយបារម្ភជាខ្លាំង។ តែមកដល់ រសៀលថ្ងៃ ១៧ខែ សីហា ឆ្នាំ ២០១៩ នេះ(ម៉ោងនៅកម្ពុជា) ស្រាប់តែទទួលបានដំណឹងថា អ្នកម្នាងបានទទួលមរណភាពទៅហើយដែលដំណឹងនេះ ធ្វើឲ្យទស្សនិកជននៅប្រទេសកម្ពុជា ព្រមទាំងទស្សនិកជននៅបណ្តាប្រទេសដទៃទៀត ចូលរួមរំលែកទុក្ខ និងសោកស្តាយជាខ្លាំងក្ណុងការបាត់បង់ធនធានមនុស្ស១រូបនេះ ។
បើយោងតាមគណនីហ្វេសប៊ុករបស់ លោក អ៊ាង គង្គា បានបង្ហោះសារជូនជាដំណឹងយ៉ាងដូច្នេះថា «សូមចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយ ចំពោះមរណភាពអ្នកម្នាង សៀង ឌី សូមវិញ្ញាណក្ខន្ធអ្នកម្នាង បានទៅកាន់សុគតិភព» ។
ទស្សនិកជនជាច្រើន និងអ្នកធ្លាប់ស្តាប់សំនៀង របស់អ្នកម្នាង សៀងឌី ក្រោយពីទទួលនូវដំណឹងនេះហើយ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ព្រមទាំងជូនពរឲ្យដួងវិញ្ញាណក្ខន្ធអតីតតារាចម្រៀង អ្នកម្នាង សៀង ឌី បានទៅកាន់សុគតិភពចុះ ៕
ដោយ៖ សហការី