ទីបំផុត..ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ត្រូវតុលាការខេត្តក្រចេះ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធបទល្មើសព្រៃឈើនៅស្រុកស្នួល

ចែករំលែក៖

ខេត្តក្រចេះ៖ ទីបំផុត..តុលាការខេត្តក្រចេះ បានចេញដីកាសម្រេចឃុំខ្លួន ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធប្រព្រឹត្តបទល្មើសព្រៃឈើ នៅស្រុកស្នួល ខេត្តក្រចេះ នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគាររបស់លោក ម៉េង តូនី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ ដែលបណ្តាញសារព័ត៌មានទទួលបាននៅល្ងាចនេះ។
ជនជាប់ចោទ នៅក្នុងដីកាឃុំខ្លួនរបស់តុលាការ ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ត្រូវបានចោទប្រកាន់ពីបទ «ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងនាំចេញផលអនុផលព្រៃឈើ ដោយគ្មានអាជ្ញាប័ណ្ណ ប្រព្រឹត្តទៅនៅភូមិច្រាបថ្មី ឃុំស្នួល ស្រុកស្នួល កាលពីអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៩៨ កថាខណ្ឌ ២ ចំណុច ១ និងចំណុច ៧ ច្បាប់ស្តីពីព្រៃឈើ»។
សមត្ថកិច្ចបានអោយដឹងថា៖ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើការបញ្ជូនឧកញ៉ា គង់ ក្រឹង និងកូនប្រសារបស់គាត់ ទៅកាន់តុលាការ នារសៀលថ្ងៃនេះ ក្រោយពីឃាត់ខ្លួនពាក់ព័ន្ធនិងបទល្មើសព្រៃឈើ ខណៈក្រុមការងារចម្រុះចុះពិនិត្យជាក់ស្តែងដល់ទីតាំងស្តុកឈើ និងទីតាំងផ្លូវយុទ្ធសាស្ត្រនាំឈើទៅក្រៅប្រទេស អាចមានរយៈពេលយូរឆ្នាំ។
សូមបញ្ជាក់ថា៖ ឧកញ៉ា គង់ ក្រឹង និងកូនប្រសារបស់គាត់ឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សម្រេចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីសួរនាំពាក់ព័ន្ធនិងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ។ បន្ទាប់ពីឃាត់ខ្លួននេះ ពេញមួយព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាននាំខ្លួន ឧកញ៉ា គង់ ក្រឹង នាំមកឆែកឆេរផ្ទះ និងកន្លែងសន្និឈើ នៅស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចបានបញ្ជាក់បន្តថា៖ ការឃាត់ខ្លួនឧកញ៉ា គង់ ក្រឹង និងកូនប្រសារ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីនីតិវិធីពីតំណាងអយ្យការ នៃសាលាដំបូងខេត្ត ជាមួយកម្លាំងអាវុធហត្ថខេត្តក្រចេះ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នគរបាលជាតិ ជំនាញរដ្ឋបាលព្រៃឈើ បរិស្ថាន ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print