ចាប់ពីថ្ងៃនេះ អាជ្ញាបណ្ណប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាញគ្រប់ប្រភេទ ត្រូវបានរាជរដ្ឋាភិបាលចេញសារាចរសម្រេចបញ្ឈប់ការចេញឲ្យទាំងក្នុងនិងក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើសារាចរណែនាំមួយ ដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះ។
យើងតាមសារាចរណែនាំ របស់រាជដ្ឋាភិបាលបានធ្វើការណែនាំចំនួន៣ចំណុចដូចខាងក្រោម៖
១៖ មន្រ្តីនគរបាលយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៉ិនធើណេនអនឡាយ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមានអាជ្ញាបណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច។
២៖ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអ៉ិនធើណែតអនឡាយ ក្នុងនិងក្រៅប្រទេសដែលមានអាជ្ញាបណ្ណ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព ដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុពលភាព នៃអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ។
៣៖ រាជរដ្ឋាភិបាល បញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាបណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៉ិនធើណេតអនឡាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ។
ការចេញសារាណែនាំនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលសង្កេតឃើញថា សកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមអយៈអ៉ិនធើណេត ក្នុង និងក្រៅប្រទេសមួយចំនួន បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមួយចំនួនទៀតលួចលាក់ធ្វើសកម្មភាពនៅតាមទីតាំងផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។
សូមរម្លឹកថា៖ បញ្ហាម៉ាស៊ីនអេឡិចត្រូនិចអនឡាញគ្រប់ប្រភេទ មានរីកដុះដាលស្ទើរទាំង២៥រាជធានី-ខេត្ត មានចំនួនតិចតួចបំផុតដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ទីតាំងមួយចំនួនធំបន្លំលួចធ្វើអាជីវកម្មដោយខុសច្បាប់ តាមរយៈការយោគយល់ពីអាជ្ញាធរ-សមត្ថកិច្ច-ជំនាញតាមមូលដ្ឋាន និងទាក់ទិនបញ្ហាប្រយោជន៍ខ្លះ ។ ដោយឡែកទីតាំងម៉ាស៊ីនអេឡិចត្រូនិចអនឡាញគ្រប់ប្រភេទ បើកលេងសុទ្ធតែមានអ្នកធំការពារ កូនអ្នកធំមានភាគហ៊ុន អាចជាការទើសទាល់ដល់អាជ្ញាធរ សមត្ថកិច្ចទើបអាចដំណើរការបាន។
បញ្ហាទីតាំងម៉ាស៊ីនអេឡិចត្រូនិចអនឡាញគ្រប់ប្រភេទ អត់ច្បាប់ភាគច្រើនជាទីតាំងក្រុមជនងងឹត ឆក់ ប្លន់ ប្រើប្រាស់សារធាតុញៀន ជួញដូរថ្នាំញៀន មកប្រមូលផ្តុំគ្នាដ៏ពពាក់ពពូន និឹងចេញធ្វើសកម្មភាពផ្សេងៗប៉ះពាល់ដល់សណ្តាប់ធ្នាប់ អសន្តិសុខ ក្នុងមូលដ្ឋាន៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print