ភ្នំពេញ៖ សមត្ថកិច្ចចម្រុះរបស់សាលាខណ្ឌចង្វា ដឹកនាំដោយលោក ហ៊ុយ សារុន អភិបាលរងខណ្ឌជ្រោយចង្វា តាមបញ្ជារបស់លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ បានញ្ជាឲ្យចុះបិទ ក្លឹប ដឺហាប់ ខារ៉ាអូខេគ្រួសារ THE HUB FAMILY KTV ដែលមានក្មេងសិស្សសាលាអាយុក្រោយ១៨ឆ្នាំ មកប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូន។
លោកហ៊ុយ សារុន អភិបាលរងខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងខារ៉ាអូខេរនេះ ដែលមានក្មេងសិស្សសាលាមានស្រី មានប្រុស បានមកប្រមូលផ្តុំ ពពាក់ពពូនគ្នានៅទីនេះ ដោយសារតែមានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋដែលជាអណាព្យាបាលថា កូនៗរបស់ខ្លួន មិនសូវបានចូលរៀននោះទេ ដោយសារតែពួកគេបាននាំគ្នាទៅចូលច្រៀងនៅខារ៉ាអូខេលើនេះ ស្ទើរជារៀងរាល់់ថ្ងៃ នៅក្នុងការបង្ក្រាប និងបិទខារ៉ាអូខេនេះ កម្លាំងបានឃាត់ខ្លួនកូនសិស្សសាលាប្រុសស្រី ដែលមានអាយុ១២, ១៣,១៧ឆ្នាំចុះក្រោម បានចំនួន២៧នាក់ ខណៈកំពុងពពាក់ពពានគ្នាច្រៀងខារ៉ាអូខេ។
នៅក្នុងប្រតិបត្តិការនោះដែរ ពេលកម្លាំងសមត្ថកិច្ចឃាត់ក្រុមក្មេងសិស្សសាលា ដែលចូលច្រៀងខារ៉ាអូខេនេះ ក៏មានការប្រទូសរ៉ាយពីម្ចាស់ខារ៉ាអូខេ ព្រមទាំងបានដៀលអាជ្ញាធរនូវពាក្យអសុរោះផងដែរ ហើយបានប្រើពាក្យសម្តីព្រមានថា អាជ្ញាធរខណ្ឌហឹ្នងចុះមកធ្វើការកន្លែងនេះមិនខ្លាចជ្រុះបុណ្យស័ក្តិទេ។
ប្រភពពត៌មានពីមន្ត្រីសាលាខណ្ឌបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើមានឈ្មោះលឹម ទីលីវណ្ណ មានទួនាទីជាជំនួយការលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
អ្នកស្រីលាង សុខុម ដែលជាអ្នករស់នៅក្បែរទីតាំងនេះផងដែរក៏បានលើកឡើងដែរថា កូនប្រុសរបស់គាត់អាយុទើបតែ១៤ឆ្នាំប៉ុណ្ណោះ បានគេចសាលាមកចូលច្រៀងខារ៉ាអូខេនេះ ហើយគាត់សម្បាយចិត្តណាស់ និងគាំទ្រចំពោះចំណាត់ការ របស់អាជ្ញាធរ និងសមត្ថកិច្ច ដែលចុះមកបិទទីតាំងខារ៉ាអូរខេ។ ក្រោយពីអប់រំណែនាំរួចមក និងមានឪពុកម្តាយពួកគេមកធានា ហើយក៏ពួកគេត្រឡប់ទៅផ្ទះវិញ ។
តាមបញ្ជារបស់លោកអភិបាលខណ្ឌជ្រោយចង្វា បានសម្រេចឲ្យមានសមត្ថកិច្ច ប៉េអឹម និងសណ្តាប់ធ្នាប់ដាក់កំលាំងឃ្លាំងមើលទីតាំងនេះជាបណ្តោះអាសន្ន រង់ចាំធ្វើលិខិតបិទចោលនៅពេលក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ