ភ្នំពេញ៖ ព្រឹកថ្ងៃទី ២៥ ធ្នូ ២០១៥ ម្សិលមិញនេះតារាចម្រៀងល្បីឈ្មោះគឺ លោក ខេមរៈ សិរីមន្ត បានចូលរួមជាមួយនឹងកាកបាទក្រហមកម្ពុជា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រុមហ៊ុនអេហ្សិត នៅឯបញ្ជរបង់ប្រាក់កំបូល ស្ថិតនៅតាមដងផ្លូវជាតិលេខ ៤ ក្នុងខណ្ឌពោធិ៍សែនជ័យបើកយុទ្ធនាការអប់រំអំពីសុវត្ថិភាពចរាចរណ៍ សម្រាប់ថ្ងៃបុណ្យណូអែល និងចូលឆ្នាំសកលជូនដល់ប្រជាពលរដ្ឋជាពិសេសសិស្សានុសិស្សគ្រប់រូប ដែលធ្វើដំណើរឆ្លងកាត់ ។
ក្នុងយុទ្ធនាការនេះ លោក ខេមរៈ សិរីមន្ត ក្រុមការងាររួម និងសិស្សានុសិស្សបានរួមជាមួយនឹងលោកតាណូអែល ក្នុងការចែកខិតប័ណ្ណ និងបិទសន្លឹកស្ទីគ័រអប់រំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកធ្វើដំណើរឆ្លងកាត់ ដោយក្តីសោមនស្សរីករាយបំផុត ខណៈដែលគេដឹងថា កន្លងមកលោក ខេមរៈ សិរីមន្ត ធ្លាប់ជាជនរងគ្រោះមួយរូបក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវជាតិលេខ ៤ នេះ ។
លោក បាន ខេមរៈសិរីមន្ត បានឲ្យដឹងថា«ដោយសារខ្ញុំធ្លាប់ជួបនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះដោយខ្លួនឯង ខ្ញុំយល់ពីអារម្មណ៍នេះច្បាស់ជាងអ្នកណាទាំងអស់ ពេលធ្វើដំណើរនៅតាមដងផ្លូវ ខ្ញុំគិតថា ជាសមរភូមិក្តៅមួយ ជាសមរភូមិ ដែលខ្ញុំត្រូវប្រយ័ត្នបំផុត” ។
លោក ខេមរៈ សិរីមន្ត យល់ថា ក្នុងឱកាស បុណ្យគ្រីស្តម៉ាស់ និងបុណ្យសកលផងនោះ ប្រាកដណាស់ ពិតជាមានបងប្អូនជនរួមជាតិខ្មែរយើង នឹងធ្វើដំណើរទៅទីជិតទីឆ្ងាយ ដូច្នេះ សូមអំពាវនាវឲ្យបងប្អូនទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាគឺ បើកបរទៅតាមល្បឿនកំណត់ និងប្រុងប្រយ័ត្នគ្រប់វិនាទី ហើយបើកបរកុំពិសាជាតិស្រវឹង ប់ស្រវឹង កុំបើកបរ ៕
ដោយ៖ ប្រាថ្នា