ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារដើមឈើដួលរលំសង្កត់ ខណៈជនរងគ្រោះត្រូវបានគេអះអាងថា គាត់បានទៅរុករានដីព្រៃដើម្បីធ្វើចំការ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥ និង៤៥នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចស្ទឹងខៀវ ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចនគរបាលស្រុកវាលវែងបានឱ្យដឹងថា បុរសរងគ្រោះស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ម៉ៅ កែវមនី អាយុ ៥២ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុ ។
ប្រភពពីសមត្ថកិច្ចស្រុកបន្តថា ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ផ្ទះជនរងគ្រោះ ហើយបានស្រាវជ្រាវពត៌មានពីក្រុមគ្រួសារជនរងគ្រោះឃើញថា ក្រុមគ្រួសារនេះបានទៅរុករានដីព្រៃត្រង់ចំណុចកើតហេតុខាងលើ ប៉ុន្ដែជាអកុសលនៅពេលគាត់អារ៍ផ្ដួលរលំដើមឈើធំមួយដើម ត្រូវបានមែកនៃដើមឈើបោកចំក្បាល បណ្ដាលឱ្យដួលប្រកាច់ស្លាប់ក្នុងថ្លុកឈាមភ្លាមៗ ហើយត្រូវបានក្រុមគ្រួសារដឹកយកមកតំកល់ធ្វើបុណ្យតាមប្រពៃណីនៅ លំនៅដ្ឋានរបស់ខ្លួន ។ ទោះបីយ៉ាងនេះក្ដីសមត្ថកិច្ចពុំបានទៅដល់កន្លែងកើតហេតុនោះឡើយ ដោយតំបន់នោះព្រៃជ្រៅ ផ្លូវលំបាក ម្យ៉ាងទៀតនៅពេលយកសពជនរងគ្រោះមកដល់ផ្ទះទើបមានគេរាយការណ៍មកសមត្ថកិច្ច ប៉ុន្ដែក្រោយធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ឃើញថា ជនរងគ្រោះអាចសន្និដ្ឋានបានពិតជាស្លាប់ដោយសារដើមឈើរលំបោកចំពិតមែន ពុំមានស្នាមអ្វីមួយកត់សម្គាល់ពាក់ព័ន្ធនឹងឃាតកម្មនោះឡើយ ។
គួររំលឹកផងដែរ នាពេលកន្លងមកមានមនុស្សស្លាប់ច្រើន ដោយសារការធ្វេសប្រហែសក្នុងការកាប់ផ្ដួលរលំដើមឈើ នៅពេលដួលរលំមានមែក ឬ ដើមនៅក្បែរៗវាត់ត្រូវ ឬសង្កត់ជាញឹកញាប់ ៕
ដោយ៖ ប៉ឹម ពិន