ភ្នំពេញ៖ ដើម្បជួយសម្រួលដល់បញ្ហា កកស្ទះចរាចរណ៍នៅតែកើតមាននៅតំបន់ស្ពានអាកាសក្បាលថ្នល់នោះអាជ្ញាធររាជធានីភ្នំពេញមានគម្រោងស្ថាបនាស្ពានអាកាសចំនួន៣ និងផ្លូវក្រោមដី១បន្ថែមទៀត ដើម្បីកែលំអនិងដោះស្រាយបញ្ហាចរាចរឲ្យកាន់តែមានភាពរលូនដូចស្ពានអាកាស និងផ្លូវក្រោមដីស្ទឹងមានជ័យតែម្តង ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា នៅតំបន់ស្ពានអាកាសក្បាលថ្នល់នា នាពេលបច្ចុប្បន្ននេះបញ្ហាកកស្ទះចរាចរណ៍ នៅតែកើតមាន។ ហេតុនេះហើយដើម្បីឲ្យមានភាពប្រសើរឡើងក្នុងការធ្វើចរាចរណ៍របស់ពលរដ្ឋនោះ សាលារាជធានីភ្នំពេញមានគម្រោងស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដីបន្ថែមទៀត។
លោកបន្តថា ស្ពានអាកាសនិងផ្លូវក្រោមដីដែលសាលារាជធានីភ្នំពេញត្រៀមស្ថាបនានោះ មានចំនួន៤គឺទី១. ស្របពីលើមហាវិថីព្រះនរោត្តមបត់ឆ្វេងឡើងភ្ជាប់ទៅស្ពានព្រះមុនីវង្សថ្មី, ទី២តភ្ជាប់ពីស្ពានព្រះមុនីវង្សចាស់បត់កោងស្តាំឡើងទៅចាក់អង្រែ, ទី៣ ស្របពីលើមហាវិថីព្រះមុនីវង្សបត់ទៅនរោត្តមរួចបត់ស្តាំឡើងស្ពានវិញ និងទី៤.ផ្លូវក្រោមដី១ខ្សែទៀតមុជក្រោមដីពីចាក់អង្រែទៅចេញនៅមហាវិថីព្រះមុនីវង្សតែម្តង។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា ស្ពានអាកាសដែល គ្រោងនឹងសាងសង់ខាងលើនេះមានបណ្តោយមិនស្មើគ្នានោះទេ គឺចាប់ពី២២០ទៅ២៤០ម៉ែត្រ និងទទឹងចាប់ពី៥ទៅ៧ម៉ែត្រ។ ចំណែកផ្លូវមុជក្រោមដីមានបណ្តោយ៣០៦ម៉ែត្រ ហើយពីស្ថាបនារួចការធ្វើចរាចរណ៍នៅតំបន់ស្ពានអាកាសក្បាលថ្នល់នឹងមានភាពប្រសើរឡើង ។
ទាក់ទិន្នទៅនឹងគម្រោងការស្ថាបនាបន្ថែមស្ពានអាកាសនិងផ្លូវក្រោមដីខាងលើនេះ ពុំមានមន្ត្រីសាលារាជធានីភ្នំពេញណាអាចបញ្ជាក់ពីការចាប់ផ្តើមពីពេលណានោះទេ តែប្រភពក្រៅផ្លូវការបានឲ្យដឹងថា អាចបើកការដ្ឋានដោយភ្ជាប់ជាមួយសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីតិចណូដែលគ្រោងធ្វើនៅថ្ងៃទី៥មករា២០១៦ឆាប់ៗនេះ ហើយពេល នោះសម្តេចតេជោអាចនឹងប្រកាសបើកការដ្ឋានបន្តតែម្តង។ចំណែកឯការចំណាយ ថវិកានិងចំនួនពេលវេលានៃការដ្ឋានសាងសង់ក៏មិនទាន់ដឹងនោះទេ។ ប៉ុន្ដែយ៉ាងណា ផែនការខាងលើពេលនេះក្រុមការងារបច្ចេកទេសរបស់សាលារាជធានីភ្នំពេញបានចាប់ផ្តើមដំណើរការខួងធ្វើតេស្តស្រទាប់ដី នៅតំបន់ស្ពានអាកាសនិងផ្លូវក្រោមដីក្បាលថ្នល់ដើម្បីត្រៀមស្ថាបនាក្នុងពេលឆាប់ៗនេះ៕
ដោយ៖ វិបុល