ខេត្តពោធិ៍សាត់៖ លោកឧត្ដមសេនីយ៍ កង សុខន អគ្គរងស្នងការដ្ឋាននគរបាលជាតិ នាំថវិកាចំនួន ២៣០លានរៀល របស់សម្ដេចក្រឡាហោម ស ខេង ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋានរាជធានី.ខេត្ត ជាការលើកទឹកចិត្ត ខណៈកិច្ចខំប្រឹងប្រែងបង្រ្កាបបទល្មើសចោរប្លន់ប្រដាប់អាវុធនាពេលចុងក្រោយនេះ ។
ពិធីផ្ដល់ថវិកាលើកទឹកចិត្តរួមគ្នាទាំងរាជធានី.ខេត្តខាងលើនេះ ប្រព្រឹត្តឡើងកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។
ក្នុងនោះលោកឧត្ដមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ បានឡើងមានប្រសាសន៍ស្វាគមន៍គណៈអធិបតីក៏ដូចកម្មវិធីទាំងមូល ។ ជាបន្តលោកនាយឧត្ដមសេនីយ៍ កង សុខន អគ្គរងស្នងការដ្ឋាននគរបាលជាតិ និងជាតំណាងឱ្យសម្ដេចក្រឡាហោម ស ខេង ជាគណៈអធិបតីបានឡើងមានប្រសាសន៍សំណេះសំណាលដល់អង្គពិធីទាំងមូល និងធ្វើពិធីប្រគល់ថវិកាដល់តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន ៨០លានរៀល, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ៤០លានរៀល, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន ៤០លានរៀល, ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចំនួន ៤០លានរៀល និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចំនួន ៣០លានរៀលផងដែរ ហើយថវិការបស់សម្ដេចក្រឡាហោម និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃខាងលើនេះ ជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលបានកិច្ចប្រឹងប្រែងបង្រ្កាបចោរប្លន់ប្រដាប់អាវុធនាពេលកន្លងមកថ្មីៗនេះ ទាំងបង្រ្កាបបាន ១០០% និងមិនទាន់បាន ១០០%ក្ដី ហើយសុំឱ្យកងកម្លាំងប្រដាប់អាវុធខំយកចិត្តទុកដាក់ឱ្យមានប្រសិទ្ធិភាពជាបន្ត ៕
ដោយ៖ ប៉ឹម ពិន