កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីឥណ្ឌា លោកណារ៉េនដ្រា មូឌី បានបំពេញទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសប៉ាគីស្ថានដើម្បីជួបជាមួយសមភាគីរបស់លោក គឺលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ណាវាស់ សារីហ្វ ។ នេះជាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលើកដំបូងបំផុតទៅកាន់ប្រទេសដែលជាសត្រូវរបស់ខ្លួនក្នុងរយៈពេលជិត១ទសវត្សរ៍កន្លងមក ។
លោកនាយករដ្ឋមន្ត្រី ម៉ូឌី បានស្នើសុំបំពេញទស្សនកិច្ចនេះទៅកាន់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន តែប៉ុន្មានម៉ោងក្រោយពីលោកម៉ូឌីត្រឡប់មកពីប្រទេសអាហ្វហ្គានីស្ថាន ។ លោកម៉ូឌី មានការសង្ឃឹមទុកថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប៉ាគីស្ថាននាពេលនេះ ជាផ្លូវមួយជំរុញឲ្យមានការចាប់ផ្តើមពិភាក្សាគ្នាឡើងវិញរវាងប្រទេសដែលមានអាវុធបរមាណូដូចគ្នា និងជាប្រទេសភូមិរបងជិតគ្នា និងឈានដល់ការសម្រេចជាលទ្ធផលចុងក្រោយ បន្ទាប់ពីប្រទេសទាំងពីរធ្លាប់ផ្ទុះសង្គ្រាមដាក់គ្នារយៈពេល៣លើក និងមានអារិភាពដាក់គ្នាជាង៦៥ឆ្នាំកន្លងមកនោះ ។
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថា សារីហ្វ បានស្វាគមន៍ដោយការឱបគ្នាជាមួយលោកម៉ូឌី ខណៈដែលនាយករដ្ឋមន្ត្រីបានធ្វើដំណើរមកដល់អាកាសយានដ្ឋានទីក្រុង ឡាហ័រ ភាគខាងកើត ។ បន្ទាប់មក មេដឹកនាំប្រទេសទាំងពីរបានឡើងជិះឧទ្ធម្ភាគចក្រឆ្ពោះទៅកាន់ភូមិគ្រឹះលោកសារីហ្វ ។ មន្ត្រីក្រសួងការបរទេសប៉ាគីស្ថាន ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍នេះផងដែរនោះបានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានថ្លែងទៅកាន់នាយករដ្ឋមន្ត្រីម៉ូឌីថា «ទីបំផុត អ្នកមកដល់ហើយឬ« ហើយនៅពេលនោះ នាយករដ្ឋមន្ត្រីម៉ូឌី បានឆ្លើយតបថា «ពិតប្រាកដហើយ ខ្ញុំមកដល់ទីនេះហើយ» ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Aizaz Chaudhry រដ្ឋលេខាធិការក្រសួងការបរទេសប៉ាគីស្ថានបានអះអាងថា លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី បានទូរស័ព្ទទៅកាន់លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាននៅមុនដំណើរទស្សនកិច្ចនេះថា លោកប្រាថ្នាចង់ចូលរួមពិធីខួបកំណើត និងថា តើលោកអាចឆៀងចូលមកកាន់ប៉ាគីស្ថាន អំឡុងពេលលោកធ្វើដំណើរត្រឡប់ពីបំពេញទស្សនកិច្ចនៅអាហ្វហ្គានីស្ថានដែរឬយ៉ាងណា? ហើយនៅពេលនោះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ណាវាស់ សារីហ្វ បានឆ្លើយតបទៅវិញថា សូមមេត្តាអញ្ជើញមកចុះ លោក(នាយករដ្ឋមន្ត្រីឥណ្ឌា) ជាភ្ញៀវរបស់យើងហើយ សូមអញ្ជើញមក និងពិសាតែជាមួយគ្នា ។
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានប្រារព្ធពិធីខួបកំណើតគម្រប់៦៦ឆ្នាំ នៅក្នុងខែធ្នូ ឆ្នាំ២០១៥ ។ លោកម៉ូឌី និងលោក សារីហ្វបានពិភាក្សាគ្នាអស់រយៈពេល៩០នាទី ព្រមទាំងបានពិសាអាហារពេលល្ងាចរួមគ្នាផងដែរ មុនពេលមេដឹកនាំឥណ្ឌាចាកចេញទៅកាន់ប្រទេសកំណើតរបស់ខ្លួន ។
លោក Aizaz Chaudhry បានឲ្យប្រភពព័ត៌មានដឹងថា ក្នុងលទ្ធផលនៃជំនួបនេះគឺថា ចំណងមិត្តភាពប្រទេសទាំងពីរត្រូវតែពង្រឹងឲ្យបានល្អប្រសើរឡើងជាងពេលមុន ហើយពលរដ្ឋប្រទេសទាំងអាចទំនាក់ទំនងគ្នាទៅវិញទៅមកដើម្បីពង្រឹងបរិយាកាសល្អប្រសើរ ហើយនៅពេលនោះដំណើរការសន្តិភាពនឹងវិវឌ្ឍន៍កើតជារូបរាងជាក់ពុំខាន ។
លោកបន្តថា ជំហានចុងក្រោយទៀតនោះ គឺប្រទេសទាំងពីរនឹងមានជំនួបថ្នាក់រដ្ឋលេខាធិការក្រសួងការបរទេសដែលគ្រោងធ្វើឡើងនៅពាក់កណ្តាលខែក្រោយនេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត