ភ្នំពេញ ៖ ពិតជាគួរឲ្យសង្វេកខ្លាំងណាស់ ខណៈបុរសម្នាក់បានជិះម៉ូតូPCXលឿនពេក ហើយដល់ផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលទៅបុកឃឿនចញ្ចើមផ្លូវបោកជាមួយបង្គោលភ្លើងស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៤ និង១០នាទីទាបភ្លឺ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខវិទ្យាល័យ ជា សុីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មានឈ្មោះ មាស រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយជិះម៉ូតូម៉ាក PCX ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GU-9519 ។
យោងតាមកាមរ៉ាសុវត្តិភាពដែលថតជាប់សកម្មភាពរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវកោងផង ឯជនរងគ្រោះមិនបន្ថយល្បឿនផង ក៏ជ្រុលចង្កូតមកបុកឃឿនចំញ្ចើមផ្លូវ ហើយផ្លោងជាង១០ម៉ែត្រទៅបោកនិងបង្គោលភ្លើង បណ្ដាលឲ្យបែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌ ។ ចំណែកឯបង្គោលភ្លើងកំពិតតិចតិចតួច រីឯម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុភ្លាមៗ សាច់ញាតិជនរងគ្រោះបានទទួលព័ត៌មានថា ជនរងគ្រោះបានស្លាប់ ក៏ប្រញ៉ាប់ ប្រញ៉ាល មកមើល និងទួញសោកស្ដាយជាខ្លាំង ។ បន្ទាប់មកសមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូ ត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុក រង់ចាំប្រគល់ឲ្យសាច់ក្រុមគ្រួសារនៅពេលក្រោយ ៕ដោយ៖ ភារ៉ា ដង្កោ