ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩បានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា ផ្អែមកតាមស្ថានភាពក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា ប្រព័ន្ធសម្ពាធទាបបាននិងកំពុងអូសបន្លាយកាត់ពីលើប្រទេសថៃ ឡាវ និងវៀតណាម ។
ឯនៅក្នុងមហាសមុទ្រខាងកើតប្រទេសហ្វីលីពីន មានកើតឡើងនូវព្យុះទី១១ឈ្មោះ បៃលូ (Bailu) ដែលមិនមានឥទ្ធិពលខ្លាំងមកលើកម្ពុជាយើងនោះទេ។ ព្យុះនេះមានដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់ រួចបន្តដំណើរទៅប្រទេសចិនភាគអាគ្នេយ៍ ។
សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា តាមរយៈការព្យាករខាងលេីនេះបានបង្ហាញថា ស្ថានភាពបែបនេះធ្វើឲ្យចាប់ពីថ្ងៃទី២២
-២៤ ខែសីហា ស្ទើរទូទាំងប្រទេស នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គរ និងចាប់ពីថ្ងៃទី ២៥-២៨ ខែសីហា
បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ខេត្តកោះ កុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀង ធ្លាក់ពីបង្គរទៅច្រើន ។ លើផ្ទៃសមុទ្រមានខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ ។
ចំពោះបណ្តាខេត្តចាប់ពីតំបន់វាលទំនាបភាគកណ្តាលឡើងទៅលើ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។ ទន្ទឹមនោះអាចមានផ្នែកមួយចំនួនភ្លៀងធ្លាក់ខ្លាំង។
បណ្តារាជធានីខេត្តនៅបែកខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គរ ។ ទន្ទឹមនោះ អាចមានផ្នែកខ្លះភ្លៀងធ្លាក់ច្រើន ។
ក្រសួងធនធានទឹក នៅតែក្រេីនរំលឹក អោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ខ្យល់ផ្គរ រន្ទះ និងរលកសមុទ្រ ដែលអាចកើតមានឡើងជាយថាហេតុ ៕ ដោយ ៖សុខខេមរា