អាមេរិកនិងរុស្ស៊ីចាប់ផ្តើមផលិតនឹងសាកល្បងអាវុធទំនើបៗ ដែលបានហាមប្រាមនាពេលកន្លងមក ដែលជាសញ្ញាប្រកួតប្រជែងអាវុធសាជាថ្មីបង្កឲ្យពិភពលោក ស្ថិតនៅក្នុងតំណាក់កាលគ្រោះថ្នាក់ ។ នៅពេលនេះអាមេរិកបានលើកគម្រោងផលិតមីស៊ីលល្បឿនលឿនជាងសំឡេង ដល់ទៅ៥ដង ប្រភេទ Hyperonic ។
រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ម៉ាក អ៊ែស្ពើរ (Mark Esper) បាននិយាយថា សហរដ្ឋអាមេរិកប្រហែលអាចសម្រេចបាននូវអាវុធ ដែលមានល្បឿនកម្រិត Hypersonic (លឿនជាងល្បឿនសំឡេងចាប់ពី៥ដងឡើង) ក្នុងរយៈពេល២ឆ្នាំខាងមុខ។
ក្នុងបទសម្ភាសន៍មួយដែលសារព័ត៌មានអាមេរិក Fox News ចេញផ្សាយនាថ្ងៃពុធសប្តាហ៍នេះ លោក Esper បានលើកឡើងថា «ប្រហែលជាប៉ុន្មានឆ្នាំទៀត… គឺអាចក្នុងរយៈពេល២ឆ្នាំ» ដែលការឆ្លើយតបបែបនេះ បានកើតឡើង បន្ទាប់ពីអ្នកសម្ភាសន៍បានសួរនាំលោកពាក់ព័ន្ធថា តើសហរដ្ឋអាមេរិក ដើរដល់ណាហើយ ជុំវិញការបង្កើតសព្វាវុធល្បឿនលឿនកម្រិត Hypersonic ។
គួរជម្រាបថា មន្រ្តីជាន់ខ្ពស់នៃយោធាអាមេរិក លោក រីយ៉ាន ម៉ាកខាធី (Ryan McCarthy) ក៏ទើបតែបានបង្ហើបឲ្យដឹងដែរថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តោតទៅលើការអភិវឌ្ឍមីស៊ីល Hypersonic ប្រភេទបាញ់ពីផ្ទៃដី ហើយមានសមត្ថភាពវាយប្រហារក្នុងរយៈចម្ងាយ ដែលកន្លង មកត្រូវបានហាមឃាត់ ក្រោមសន្ធិសញ្ញាទប់ស្កាត់ការរីកសាយ នៃអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី INF ដែលបានរលាយសាបសូន្យកាលពីដើមខែសីហានេះ។
ក្រោយសន្ធិសញ្ញា INF ត្រូវបានបំផ្លាញ កាលពីថ្ងៃអាទិត្យកន្លងទៅ អាមេរិកក៏ទើបតែបានបាញ់តេស្ត មីស៊ីលចង្អុលទិស (Cruise Missile) មួយគ្រាប់ផងដែរ ដោយវាបានរត់ក្នុងរយៈចម្ងាយមធ្យម ដែលធ្លាប់ត្រូវបានហាមឃាត់ដោយ INF ។ ពាក់ព័ន្ធការធ្វើតេស្តនោះ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានដាក់ការសង្ស័យថា អាមេរិកប្រហែលជាបានសម្ងំអភិវឌ្ឍន៍មីស៊ីលយូរដែរមកហើយ គឺអាចមុនពេលរកលេសដើរចេញពីសន្ធិសញ្ញា INF ទៅទៀត ។
ចំពោះរុស្ស៊ីវិញក៏ដូចគ្នានោះដែរ បានឡើងគម្រោងផលិតមីស៊ីលទំនើប បំផុតដែលបានហាមប្រំនាពេលកន្លងមក ដោយារតែ INF។ ពេលថ្មីៗនេះប្រធានាធិបតីពូទីនបានបញ្ជាក់ថា រុស្ស៊ីនឹងផលិតមីស៊ីល រយៈចម្ងាយមធ្យម និងខ្លី។ប្រធានាធិបតីរុស្ស៊ី លោកពូទីន កាលពីថ្ងៃ ទី២១ ខែសីហា បានប្រកាសថា រុស្ស៊ីនឹងផលិតប្រព័ន្ធមីស៊ីល រយៈចម្ងាយមធ្យម និងខ្លី។ ប៉ុន្តែរុស្ស៊ីនឹងមិនដាក់ពង្រាយមីស៊ីលទាំងនោះ មុនអាមេរិកនោះឡើយ។
លោក ពូទីន បានសន្យាថា សន្តិសុខជាតិរុស្ស៊ី នឹងត្រូវបានធានាយ៉ាងរឹងមាំ ក្រោយពេលផលិតមីស៊ីលថ្មី។ មានប្រសាសន៍ នៅក្នុងសន្និសីទកាសែត នៅទីក្រុង Helsinki ជាមួយសមភាគីហ្វាំងឡង់លោក Sauli Niinisto នោះ ប្រធានាធិបតីពូទីន បានបញ្ជាក់ថា ទីក្រុងមូស្គូ នឹងតបតវិញឲ្យបានសមស្របបំផុតទៅលើអាមេរិក ដែលបានបាញ់សាកល្បងមីស៊ីល ក្រោយពេលអាមេ៉រិកដកខ្លួនចេញពីសន្ធិសញ្ញា INF ។
ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន បានផលិតមីស៊ីល ជាយូរណាស់មកហើយ មុនពេលអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញា INF។ ដូច្នេះ ទីក្រុងមូស្គូ បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំង ក្រោយពេលអាមេរិក បានបាញ់សាកល្បងអាវុធ ដែលបានហាមប្រាម ក្រោមសន្ធិសញ្ញា INF ទើបធ្វើឲ្យស្ថានភាពសន្ដិសុខ នៅលើពិភពលោក កាន់តែមានភាពតានតឹងឡើងថែមទៀត។
កន្លងមក ចិននិងរុស្ស៊ី ក៏ធ្លាប់ព្រមានថា សកម្មភាពរបស់អាមេរិក ដែលដកខ្លួនចេញពីសន្ធិសញ្ញា INF អាចជំរុញឲ្យមានការប្រកួតប្រជែងអាវុធ ក៏ដូចជា សម័យសង្គ្រាមត្រជាក់ជាថ្មី កើតឡើងនៅលើពិភពលោក។
ពាក់ព័ន្ធស្ថានភាពខាងលើ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំតាមសំណើរុស្ស៊ី ស្ដីពីរឿងអាមេរិកបាញ់សាកល្បងមីស៊ីល។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំ នៅថ្ងៃព្រហស្បតិ៍ (២២ សីហា) នេះ តាមសំណើរបស់រុស្ស៊ី ស្តីអំពីអាមេរិកធ្វើតេស្តិ៍សាកល្បងមីស៊ីលមួយ ដែលអាចស្ថិតនៅក្រោមច្បាប់ហាមប្រាម នៅក្នុងសន្ធិសញ្ញា ដែលទីក្រុងវ៉ាស៊ីនតោន និងមូស្គូ បោះបង់ចោល កាលពីដើមខែសីហា ឆ្នាំ២០១៩នេះ។
លោក Dmitry Polyansky អនុឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងប្រាប់ក្រុមអ្នកកាសែត កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ថា ទីក្រុងមូស្គូ បានអំពាវនាវឲ្យមានជំនួបរបស់ក្រុមប្រឹក្សាសន្តិសុខ «ពីព្រោះតែការគំរាមកំហែង អំពីការប្រកាសរបស់សហរដ្ឋអាមេរិក ស្ដីពីការអភិវឌ្ឍន៍អាវុធមីស៊ីល និងរំលោភបំពានទៅលើកិច្ចព្រមព្រៀង» ។
មន្រ្ដីការទូតរុស្ស៊ី រូបនេះបន្តថា «នៅពេលបច្ចុប្បន្ននេះ កំពុងតែមានការគំរាមកំហែងជាច្រើន។ យើងកំពុងស្ថិតនៅក្នុងពេលវេលា នៃការប្រកួតប្រជែងគ្រឿងសព្វាវុធ។ ដូច្នេះយើងចង់ពិភាក្សា ស្ដីអំពីបញ្ហានេះ» ។
រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចោទប្រកាន់រុស្ស៊ី ថា មិនមានបំណងបញ្ឈប់នូវការរំលោភបំពានលើកិច្ចព្រមព្រៀង ឆ្នាំ១៩៨៧ ស្តីអំពីសន្ធិសញ្ញា មិនសាយភាយអាវុធនុយក្លេអ៊ែរ រយៈចម្ងាយមធ្យម ដែលបានចុះហត្ថលេខា ដោយអតីតសហភាពសូវៀត និងអាមេរិក នោះឡើយ។ ដោយឡែករុស្ស៊ី ក៏បានចោទប្រកាន់អាមេរិកវិញដែរថា អាមេរិកបានរំលោភលើកិច្ចព្រមព្រៀងនេះដែរ។ ប្រទេសទាំងពីរបានដកខ្លួន ចេញពីសន្ធិសញ្ញានេះ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ៕