ខេត្តព្រះសីហនុ ៖ កុំក្លាយជាទម្លាប់ឲ្យសោះបើស្រឡាញ់កូនៗ នោះគឺកុំបណ្តោយឱ្យកូនដែលមានអាយុមិនទាន់គ្រប់១៥ឆ្នាំ ទោះបើកបរទៅសាលារៀន ឬទីជិតទីឆ្ងាយ ខណៈការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍លើអាយុអ្នកបើកបរក៏ដូចជាមិនទាន់បានទូលំទូលាយនៅឡើយទេ ។
សោកស្តាយណាស់នៅពេលព័ត៌មានអះអាងថា មានក្មេងៗមិនទាន់គ្រប់អាយុជិះម៉ូតូឌុបគ្នា រហូតដល់៥នាក់ និងមាន២នាក់បានស្លាប់នឹងកន្លែង ខណៈក្មេងរងគ្រោះ៣នាក់ទៀតរបួសធ្ងន់ ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តធុនធំដឹកគ្រឿងចក្រ ។
យោងតាមរបាយការណ៍ពីនគរបាលបញ្ជាក់ថា នៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅជិតវេទិកាវិមានឯករាជ្យ ក្រុង-ខេត្តព្រះសីហនុ រវាងរថយន្តធុនធំ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខព្រះសីហនុ3A-2331 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចបាត់ពីកន្លែងកើតហេតុ ) ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរាជសីហ៍ឡូជីស្ទីក ។
របាយការណ៍ឲ្យដឹងទៀតថា រថយន្តធ្វើដំណើរពីទិសដៅពីកើតឆ្ពោះទៅលិច លុះមកដល់ចំណុចខាងលើ អ្នកបើកបររថយន្តធុនធំបានផ្លាស់ប្ដូរទិសបត់ឆ្វេង ធ្វើឲ្យបុកគ្នាជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ (គ្មានស្លាកលេខ) ជិះគ្នាចំនួន០៥នាក់សុទ្ធតែក្មេងៗ ក្នុងនោះមានក្មេងស្រីជំទង់ម្នាក់ជាអ្នកបើកបរ គេអះអាងថាត្រូវជាបងស្រីក្មេងៗទាំងអស់នោះ បណ្ដាលឲ្យស្លាប់ក្មេងប្រុស២នាក់នៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀតរបួសធ្ងន់ ហើយត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ របាយការណ៍បញ្ជាក់ថា ក្មេងៗជនរងគ្រោះរស់នៅម្តុំឧតុនិយម ក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
ក្រោយពិនិត្យ និងវាស់វែងចប់នៅកន្លែងកើតហេតុ មធ្យោបាយបង្កគ្រោះថ្នាក់ចរាចរណ៍ទាំង២គ្រឿង សមត្ថកិច្ចបានស្ទូច និងនាំយកមករក្សាទុកនៅអង្គភាពការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់ ។
ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍រហូតបណ្តាលឲ្យស្លាប់ក្មេងៗច្រើននាក់យ៉ាងរន្ធត់នេះ មានមតិមហាជនជាច្រើនបានលើកឡើង ក៏ដូចជាអំពាវនាវដល់មាតាបិតាថា បើទោះស្រឡាញ់កូនយ៉ាងណា ក៏គួរកុំបណ្តោយឱ្យកូនដែលមិនទាន់គ្រប់អាយុ១៥ឆ្នាំ បើកបរទៅសាលារៀន ឬទីជិតទីឆ្ងាយ កុំក្លាយជាទម្លាប់ឲ្យសោះ ។ ច្បាប់ចរាចរណ៍កំណត់ថា ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ មេត្តាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាអាយុជីវិត និងជៀសវាងការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ៕ ដោយ ៖ ជាយក្រុង