បើកម៉ូតូមិនគោរពភ្លើងស្ដុបចរាចរណ៍ជ្រុលទៅបុករថយន្ដកុងតឺន័របណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរស២នាក់ ទទួលរងរបួសធ្ងន់ស្រាល ខណៈបើកម៉ូតូឌុបគ្នា មកដល់ផ្លូវបំបែក ចែកជា៤ ឃើញភ្លើងស្តុបចរាចរណ៍ ពណ៌ក្រហមតម្រូវឲ្យឈប់ តែបែជាមិនឈប់ ទៅជាបើកបន្ថែមល្បឿន ធ្វើឲ្យម៉ូតូជនរងគ្រោះទាំង២នាក់ ជ្រុលទៅបុករថយន្ដកុងតឺន័រកំពុងបើកតែម្ដង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង២៤ រំលងអធ្រាត ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបA9 ផ្លូវជាតិលេខ២១ កែងផ្លូវ១១៥  ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូឈ្មោះ ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិរក្សជ័យ  ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង (រងរបួសស្រាល) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1N-6252 និងមានអ្នករួមដំណើរម្នាក់ពីក្រោយ មិនទាន់ស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់) ។ ចំណែករថយន្ដ FUSO ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 3E-5774  អ្នកបើករថយន្ត មិនស្គាល់អត្តសញ្ញាណ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបំបែកជាបួន ភ្លើងស្តុបចរាចរណ៍ ក៏បានលោតពណ៌ក្រហម ដែលត្រូវឲ្យឈប់ តែជនរងគ្រោះមិនឈប់នោះ គឺបែជាបើកបន្ថែមល្បឿនទៅមុខបន្ដ ក៏ជ្រុលទៅបុករថយន្ដកុងតឺន័រមួយគ្រឿងដែលកំពុងបើកក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យជនរងគ្រោះជាអ្នករួមដំណើរលើម៉ូតូទទួលរងរបួសធ្ងន់ រីឯអ្នកបើកបររងរបួសស្រាល ។ ចំណែកឯរថយន្ដកុងតឺន័រ ក៏បានរេចង្កូតជ្រុលទៅបុករបង កាកបាតក្រហម ខេត្តកណ្ដាល ផ្នែកខាងត្បូងរងការខូចខាតផងដែរ ។

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍ក្រុងតាខ្មៅ បានចុះអន្ដរាគមន៍ យករថយន្ដសាមុយ ដឹកជនរងគ្រោះរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ រីឯមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ធ្វើការវាស់វែង រួចកសាងឯកសារដកហូត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងចាត់ការតាមនីតិវិធីច្បាប់ ។
ករណីនេះ សមត្ថកិច្ចជំនាញសន្និដ្ឋានថា បណ្ដាលមកពីអ្នកបើកបរម៉ូតូបើកមិនគោរពភ្លើងសញ្ញាចរាចរណ៍ ចំណែករថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print