នៅពេលនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានចាប់ខ្លួនក្រុមបាតុករជ្រុលនិយម បង្កហឹង្សា៣៤នាក់ ហើយបានកាត់ផ្តាច់រាល់ប្រព័ន្ធទំនាក់ទំនង ក្នុងនោះមានសេវាទូរស័ព្ទ និងអ៊ីនធឺណែតជាដើម ។ ប៉ូលិសប្រមាណ១២០០នាក់ បានចុះប្រតិបត្តិការ ទប់ស្កាត់ក្រុមបាតុកម្មហិង្សានៅទីក្រុង Manokwari, Sorong, Fakfak និងនៅ Timika ចាប់តាំងពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ មកម្ល៉េះ ។
ស្របពេលបាតុកម្មកំពុងផុលផុសឡើងយ៉ាងខ្លាំង នៅក្នុងតំបន់ខាងលើនេះ ក្រសួងទូរគមនាគមន៍ឥណ្ឌូនេស៊ី ក៏បានបិទបណ្តាញអ៊ីនធើរណេត និងទិន្នន័យទូរគមនាគមន៍ ដើម្បីកុំឲ្យប្រជាជននៅក្នុងតំបន់ Paua ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមនោះបាន ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។ ប៉ុន្តែការហៅតាមទូរស័ព្ទ និងការផ្ញើសារ នៅតែអាចដំណើរការបានជាធម្មតា មិនបានប៉ះពាល់នោះឡើយ ។ នេះបើតាមអ្នកនាំពាក្យរបស់ក្រសួងទូរគមនាគមន៍ឥណ្ឌូនេស៊ី លោក Ferdinandus Setu ថ្លែងឲ្យដឹង។
លោក Ferdinandus Setu បានបញ្ជាក់ថា នេះជាសកម្មភាព ទប់ស្កាត់អំពើបោកបញ្ឆោត ហើយក៏មានសារសំខាន់ ដើម្បីបញ្ឈប់មនុស្សពីការចែករំលែកសារ ដែលបង្កហេតុ ហើយសារបែបនេះអាចបង្កឲ្យកើតមានអំពើញុះញង់ និងការរើសអើងជាតិសាសន៍ថែមទៀតផង។
ចលនាផ្តាច់ខ្លួនមួយនេះ បានកើតមាន នៅក្នុងតំបន់ Papua រាប់ទសវត្សរ៍មកហើយ។ កាលពេលថ្មីៗនេះ គេបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស ពីសំណាក់កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល ។ ប៉ុន្តែការខឹងសម្បាកើតឡើង កាលពីពេលថ្មីៗនេះ ហាក់ពាក់ព័ន្ធទៅនឹងការរើសអើងពូជសាសន៍ប្រឆាំងនឹងនិស្សិត នៅតំបន់ Papua ដែលត្រូវបានចាប់ឃុំខ្លួន កាល់ពីសប្តាហ៍មុន ។
និស្សិតទាំងនោះ ត្រូវបានចាប់ខ្លួន នៅក្នុងបន្ទប់ស្នាក់នៅរបស់ពូកគេ ស្ថិតក្នុងទីក្រុង Surabaya ខេត្ត East Java បន្ទាប់ពីចោទពីបទបោះទង់ជាតិឥណ្ឌូនេស៊ី ចូលទៅក្នុងលូ ក្នុងថ្ងៃប្រារព្ធពិធីបុណ្យឯករាជ្យ ជាតិឥណ្ឌូនេស៊ី។ ការចាប់ខ្លួននិស្សិតនេះ ត្រូវប៉ូលិសឃុំខ្លួនបណ្តោះអាសន្ន ហើយនៅពេលដោះលែងមកវិញ ស្រាប់តែផ្ទុះឡើងនូវរឿងបាតុកម្មបែបនេះតែម្តង។
បាតុកម្មទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ បានចាប់ផ្តើមផ្ទុះឡើង នៅទូទាំងតំបន់ Papua ។ បាតុកម្មបានក្លាយទៅជាអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ។ ក្រុមបាតុករ នៅកន្លែងខ្លះ បានស្រែកទាមទារឲ្យធ្វើប្រជាមតិ នៅក្នុងតំបន់ Papua ឬ សេរីភាពតំបន់ Papua ។
ប៉ូលិសបានចាប់ខ្លួនមនុស្ស៣៤នាក់ ដោយសារតែហ្វូងបាតុករគប់ដុំថ្មចូលកាន់អគាររដ្ឋសភា, លំនៅឋានប្រជាជន, ហាងលក់ទំនិញ សណ្ឋាគារ ព្រមទាំងបង្កឲ្យមានអគ្គិភ័យឆាបឆេះ ។ ប៉ូលិសបានចោទប្រកាន់ក្នុងចំណោមនោះ១៣នាក់ ជាក្រុមផ្តាច់ខ្លួនគាំទ្រឯករាជ្យតំបន់ Papua ។
លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីបានថ្លែងថា នៅសប្តាហ៍ខាងមុខ លោកនឹងកោះអញ្ជើញមេដឹកនាំសាសនា និងសហគមន៍ ទូទាំងតំបន់ Papua មកពិភាក្សាគ្នាបញ្ចៀសស្ថានការតានតឹង ៕