ខេត្តក្រចេះ: មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណ:កម្មការផ្សារផងនោះ នៅព្រឹកថ្ងៃ សុក្រ ៨ រោច ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យទំនិញនៅផ្សារស្នួល និងម៉ាតចំនួនពីរកន្លែង ស្ថិតក្នុងស្រុកស្នូល ខេត្តក្រចេះ។
មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ បានឲ្យដឹងថា ក្នុងការត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើម្ហូបអាហារមានដូចជា សរសៃគុយទាវ ខ្ញីហាន់ ប្រហុក ផ្អក និងត្រសក់ចាវ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។
ប្រភពដដែលបន្តថា ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ ទំនិញហូបចុកហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៥ប្រភេទ។ បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូល បានធ្វើកំណត់ហេតុដកហូតរក្សាទុកយកទៅដុតកម្ទេចចោលនៅពេលក្រោយ និងបានឲ្យតំណាងម្ចាស់ទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញ ហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត បើពុំដូច្នោះទេនឹងប្រឈមមុខនឹងច្បាប់ ៕