ភ្នំពេញ ៖ ប្រតិបត្តិការរកឃើញរថយន្តស៊េរីទំនើបដែលគេលួចនាំចូលអត់ពន្ធប្រមាណ៥០០គ្រឿង ត្រូវបានសមត្ថកិច្ចគយនិងរដ្ឋាកររកឃើញ និងរឹបអូសយកទៅរក្សាទុកនៅក្នុងឃ្លាំង ដែលនេះ ធ្វើឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។ ប៉ុន្តទោះបីជាបែបណា ជនខិលខូចដែលលួចនាំចូលរថយន្តស៊េរីទំនើបដោយគេចពន្ធរាប់លានដុល្លារនេះ មិនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនោះទេ ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានចាត់ទុកការចាប់បានរថយន្តអត់ពន្ធទាំងនេះ គឺជាជោគជ័យនៃកិច្ចសហការគ្នារវាងគយនិងរដ្ឋាករកម្ពុជា ជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ដោយបានតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ ។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ជាមួយនឹងគំនិតផ្តួចផ្តើម ដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានសហការជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រោមការជ្រោមជ្រែងពីអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្កើតក្រុមការងារអន្តរក្រសួងមួយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ដោយបានសម្រេចដាក់ឱ្យដំណើរការយន្តការប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចែករំលែកទិន្នន័យចុះបញ្ជីយានយន្ត និងទិន្នន័យពន្ធនាំចូលយានយន្តទៅវិញទៅមក និងតាមដានភាពមិនប្រក្រតីពាក់ព័ន្ធទាំងនេះ ។
កិច្ចសហការដ៏ល្អរវាងស្ថាប័នទាំងពីរបានផ្តល់នូវលទ្ធផលជាវិជ្ជមានជាច្រើន ដូចជាការចុះបញ្ជីយានយន្តមានរយៈពេលខ្លីរហ័ស ធានាមិនមានការក្លែងបន្លំឯកសារសាធារណៈ ដែលអាចគេចផុតពីភ្នែកសមត្ថកិច្ចទប់ស្កាត់ និងចាប់រថយន្តមិនបង់ពន្ធនាំចូលបង្កើនប្រសិទ្ធភាពការអនុវត្តការប្រមូលពន្ធនាំចូលយានយន្ត និងបង្កើនចំណូលថវិកាជាតិ ។ តាមរយៈកិច្ចសហការនេះបានចូលរួមធ្វើឱ្យចំណូលពន្ធនាំចូលយានយន្ត មានការកើនឡើងប្រមាណ៣៤% ក្នុងឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៧ ។
ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនោះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩កន្លងមកថ្មីៗនេះ ក្រុមការងារអន្តរក្រសួងនេះ បានចុះពិនិត្យជាក់ស្តែងចំពោះរថយន្តមានភាពមិនប្រក្រតី ដែលមន្ដ្រីគយនិងរដ្ឋាករ បានឃាត់ទុកនៅឃ្លាំងគយ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ។
ការចុះពិនិត្យរថយន្តជាក់ស្តែងនៅក្នុងឃ្លាំងត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីវាយតម្លៃលើភាពមិនប្រក្រតី នៃរថយន្តគ្មានបង្កាន់ដៃពន្ធនាំចូល មិនមានស្លាកលេខ ពាក់ស្លាកលេខក្លែងក្លាយ ពាក់ស្លាកលេខបានពីផលចោរកម្ម រថយន្តកាត់ត និងមានបញ្ហាលេខតួ លេខម៉ាស៊ីនម៉ូដែល និងឆ្នាំផលិត និងទ្រង់ទ្រាយផ្សេងជាដើម ៕
ដោយ៖ ប្រាថ្នា