ភ្នំពេញ៖ បុរសម្នាក់ស្រវឹងធា្លក់ភ្នែក បានបើកម៉ូតូដួលសន្លប់ខ្លួនឯង ត្រូវជនឆ្លៀតឱកាសយកទូរសព្ទដៃ១គ្រឿងបាត់ ទើបមានអ្នកធ្វើដំណើរតាមផ្លូវទៅដល់ជួយលើកនិងសង្រ្គោះឲ្យដឹងខ្លួនឡើងវិញ ។
ហេតុការណ៍នេះកើតឡើងនៅមុខស្ថានីយប្រេងឥន្ធនៈPPT លើកំណាត់ផ្លូវ2004 ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង១០យប់ថ្ងៃទី 25 ខែធ្នូ ឆ្នាំ2015 ហើយជនរងគ្រោះរូបនេះមិនត្រូវបានស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា មានអាយុជាង២០ឆ្នាំនិង ជិះម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ2015 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FJ2584 ។
សាក្សីឃើញហេតការណ៍នេះបាននិយាយឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូក្នុងភាពស្រវឹងជោកជាំធ្វើដំណើរតាមផ្លូវ២០០៤ ល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែជនរងគ្រោះងោកមួយភាំង បណ្ដាលអោយដួលម៉ូតូរងរបួសស្រាល។ប៉ុន្តែដោយសារជនរងគ្រោះមានជាតិស្រវឹងផងនោះបានសន្លប់មួយសន្ទុះធំហើយភ្លាមៗនោះ ក៍មានជនឆ្លៀតឱកាសម្នាក់ធ្វើដូចជាមកជួយយកអាសារជនរងគ្រោះតែបែរជាមកយកទូរសព្ទ័ទៅបាត់។ ដោយឃើញបែបនេះមានបុគ្គលិកចាក់សាំងនៅក្បែរនោះទៅជួយលើកយកម៉ូតូទុកនៅកៀន ព្រោះខ្លាចគេយកម៉ូតូទៅបាត់ហើយមួយសន្ទុះក្រោយមកទើបជនរងគ្រោះដឹងខ្លួនវិញក៍បានលើកម៉ូតូជិះចេញទៅបាត់ដោយមិនដឹងផ្ទះសម្បែងនៅឯណានោះទេ ៕
ដោយ៖ ប្រាថ្នា