ខេត្តក្រចេះ ៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ សរុបចំនួន ១៨៣២នាក់ដោយឥតគិតថ្លៃ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ។
ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅទីតាំងសាលាបឋមសិក្សាបុសលាវ ស្ថិតនៅភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របូរី ខេត្តក្រចេះ។ នៅក្នុពិធីនេះដែរក៏មានការការចូលរួមពីលោក វ៉ា ថន អភិបាល នៃគណ:អភិបាលខេត្តក្រចេះ និងលោកស្រី ព្រមទាំងក្រុមការងារ។ លោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខពុកម៉ែ បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកស្រីប្រធានក្រុមវេជ្ជសាស្ត្រ បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសម្របសម្រួលឱ្យពុកម៉ែ បងប្អូនបានអញ្ជើញមកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃសម្រាប់ថ្ងៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក និងថ្ងៃត្រង់ មាននំបញ្ចុក នំបុ័ង បបរគ្រឿង និងភេសជ្ជ:ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយបំផុត។ ជាមួយគ្នានោះដែរក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ពុកម៉ែ បងប្អូនទាំងអស់ដែលបានអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានបន្តបន្ថែមវាស់ភ្នែក ចែកជូនវែនតាសម្រាប់លោកយាយ លោកតាចំនួន ៣០០នាក់, ចែកជូនសម្ភារសិក្សាសម្រាប់សិស្សានុសិស្ស, សំលៀកបំពាក់ជូនដល់លោកយាយ លោកតា ព្រមទាំងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន ១២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ពុកម៉ែ បងប្អូន ដែលបានអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នៅថ្ងៃនេះសុទ្ធតែបានសម្តែងនូវអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយផ្តល់សេវាថែទាំសុខភាពប្រចាំថ្ងៃ ឱ្យកាន់តែបង្ខិតជិតមកដល់មូលដ្ឋានរបស់ពួកគាត់។
សូមជម្រាបថា៖ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានចុះធ្វើសកម្មភាពមនុស្សធម៌បែបនេះជាច្រើនគោលដៅកន្លងមកហើយនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតាមតំបន់ដាច់ស្រយាលទូទាំងប្រទេសកម្ពុជា៕
ដោយ៖ សុខ ខេមរា