ខេត្តកំពង់ធំ៖ ឧបករណ៍នេសាទល្មើសច្បាប់បាននិងកំពុងកើតមានលក្ខណៈទ្រង់ទ្រាយធំបែបអនាធិបតេយ្យពេញបន្ទុកក្នុងភូមិសាស្ត្របឹងទន្លេសាប ស្ថិតក្នុងភូមិពាមប៉ាង ស្រុកស្ទង និងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បន្ទាប់ពីមានការបើកដៃដោយផ្ទាល់ ដោយជំនាញរដ្ឋបាល មានសមត្ថកិច្ចគ្រប់គ្រងបង្ក្រាបបទល្មើសជលផលនៅទីនោះ ។
ប្រភេទឧបករណ៍នេសាទល្មើសច្បាប់ មានរាប់រយកន្លែងដូចជាឆ្នក់ដាក់ភ្លើងសម្រាប់ឆក អូសត្រី ណាវ ច្បរ ស្បៃមុង ។ល។ ធ្វើឲ្យអ្នកស្រុកមានការព្រួយបារម្ភយ៉ាងខ្លាំងពីការបាត់បង់ពូជមច្ឆជាតិ ខណៈក្រុមឈ្មួញធំៗប្រើឧបករណ៍ល្មើសច្បាប់ឆក់ និងអូសយកត្រីគ្រប់ទីកន្លែង ។
បទល្មើសនេសាទនេះ ត្រូវបានគេដឹងថា ពាក់ព័ន្ធទៅនឹងនាយផ្នែករដ្ឋបាលជលផល២រូប គឺលោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលពាមប៉ាង និងលោក យ៉ន យាន នាយផ្នែករដ្ឋបាលជលផលស្ទឹងសែន បានចេញមុខប្រមូលប្រាក់ពីក្រុមឈ្មួញធំៗ ប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ដើម្បីយកជូនថ្នាក់លើ និងសមត្ថកិច្ចពាក់ព័ន្ធបិទបាំងរាល់សកម្មភាពនេសាទល្មើសច្បាប់ទាំងនោះ ។ ដោយឡែក លោកប៊ន គី អនុប្រធានភូមិណងសាវ ចំណុចបឹងធំ ក៏ជាអ្នកមានវត្តមានយកលុយពីឈ្មួញចាត់ចែងជូនសមត្ថកិច្ច និងជំនាញពាក់ព័ន្ធផងដែរ ។
ពាក់ព័ន្ធនឹងបទល្មើសនេសាទខាងលើ នគរវត្តមិនអាចទាក់ទងបានទេពីលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែប្រជាពលរដ្ឋនិយាយថា ក្រុមឈ្មួញល្មើសច្បាប់ធំៗទាំងនោះ គ្មានញញើតនឹងសមត្ថកិច្ចជំនាញរដ្ឋបាលជលផលឡើយ ដោយពួកគេមានមោទនភាពចំពោះការបង់ប្រាក់ដល់សមត្ថកិច្ចពាក់ព័ន្ធរួចរាល់ ៕
ដោយ៖ សុខ ខេមរា