ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលជួបសវនាការ និងសម្តែងការគួរសម ក្នុងឱកាសជម្រាបលា របស់ លោកស្រី Elena EDGAR ភរិយាឯកឧត្តម George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែលចប់អាណត្តិ ហេីយដែលជំនួបនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងបរិយាកាសដ៏សោមនស្សរីករាយនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Elena EDGAR និងបានរំលឹកពីអនុស្សាវរីយ៍ជាច្រើនក្នុងកំឡុងពេលបំពេញបេសកកម្មការទូតរបស់ លោក George EDGAR អស់រយៈពេល ៤ឆ្នាំ នៅក្នុងប្រទេសកម្ពុជា។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើតាមរយៈលោកជំទាវ Elena EDGAR សូមថ្លែងអំណរគុណចំពោះ លោក George EDGAR ដែលបានជួយជ្រោមជ្រែង និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងនាមលោកដែលជាមន្ត្រីការទូតរបស់សហភាពអឺរ៉ុប បានបង្ហាញពីភាពច្បាស់លាស់ និងតថភាពរបស់ប្រទេសកម្ពុជាថាពិតជាមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ និងសូមជូនពរលោកអគ្គរដ្ឋទូតនិងលោកជំទាវ ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ច និងក្នុងពេលបំពេញបេសកម្មការទូតនៅប្រទេសដទៃទៀត។
ជាមួយគ្នានេះ លោកស្រី Elena EDGAR ក៏បានថ្លែងនូវការកោតសរសើរ ជាពិសេសចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងនេះ លោកស្រី បានថ្លែងនូវការកោតសរសើរចំពោះសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួនចុះសួរសុខទុក្ខដោយផ្ទាល់ និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែង ដែលសកម្មភាពទាំងអស់នេះ លោកជំទាវតែងតែតាមដានជាប់ជានិច្ចតាមរយៈសារព័ត៌មាននានា ឬគេហទំព័ររបស់កាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា ៖ ពីឆ្នាំ ២០០១-២០១១ កាកបាទក្រហមកម្ពុជា បានទទួលជំនួយពីការិយាល័យមនុស្សធម៌របស់សហគមន៌អឺរ៉ុប (អេកូ ECHO) និង (ឌីប៉េកូ DIPECHO) តាមរយៈសហគមន៍អឺរ៉ុបនូវថវិកាសម្រាប់ការអនុវត្តគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមសហគមន៍នៅតាមខេត្តចំនួន ៩ (កំពង់ចាម ព្រៃវែង កណ្តាល កំពត កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ ស្វាយរៀង និងតាកែវ) នូវថវិកាសរុបជាង ២លានយូរ៉ូ សម្រាប់គ្រួសារទទួលផលចំនួន ១៨,៤៤១គ្រួសារ។ ឆ្នាំ ២០១១-២០១២ គម្រោងជួយជនរងគ្រោះដោយទឹកជំនន់នៅ ៤ខេត្ត (កំពង់ធំ កំពង់ចាម ព្រៃវែង និងកណ្តាល) មានទឹកប្រាក់ជាង ៨៦ម៉ឺនយូរ៉ូ សម្រាប់គ្រួសារទទួលផលចំនួន ៩,៩០០គ្រួសារ។ ឆ្នាំ ២០១៦-២០១៧ គម្រោងកសាងភាពធន់នៅខេត្តបន្ទាយមានជ័យមានទឹកប្រាក់ជាង ១៥ម៉ឺនដុល្លារ សម្រាប់គ្រួសារទទួលផលចំនួន ៣,០៤១គ្រួសារ៕
ដោយ៖ សុខ ខេមរា