កន្លងមកនាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសថា បញ្ហាកាស្មៀរគឺជារឿងផ្ទៃក្នុងរបស់ឥណ្ឌា ដោយ ប្រទេសជិត ខងមិនមានសិទ្ធិលូកដៃនោះឡើយ សូម្បីតែប៉ាគីស្ថាន ។ ប៉ុន្តែពលរដ្ឋនៅក្នុងតំបន់នោះ ជាអ្នកកាន់សាសនាអ៊ីស្លាម ហើយគាំទ្ររដ្ឋាភិបាលប៉ាគីស្ថាន ជាអ្នកកាន់សាសនាអ៊ីស្លាមដូចគ្នា។
ពាក់ព័ន្ធនិងវិវាទខាងលើ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ វិញ បានបង្ហាញពីគោលបំណងរបស់ខ្លួន មិនជ្រៀតជ្រែកចូលបញ្ហាកាស្មៀរនោះឡើយ ។ ជាមួយគ្នានេះ លោកបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងដោះស្រាយគ្នា ដោយសន្តិភាពតាមរយៈកិច្ចពិភាក្សា។ ប៉ុន្តែអាមេរិក អាចនឹងជួយដោះស្រាយ ប្រសិនបើទទួលបានសំណើសុំជំនួយ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានបញ្ជក់ថា សហគមន៍អន្តរជាតិ ចាំបាច់ត្រូវតែរួមគ្នាដោះស្រាយវិបត្តិ នៅក្នុងតំបន់កាស្មៀរ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន កាលពីថ្ងៃទី២៦ ខែសីហា បានបញ្ជាក់ថា អង្គការសហប្រជាជាតិ មានកាតព្វកិច្ច ក្នុងការធានាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ កាស្មៀរ ហើយពលរដ្ឋនៅទីនោះ ត្រូវតែមានសិទ្ធិសម្រេចជោគវាសនា និងអនាគតរបស់ខ្លួន តាមរយៈការស្ទង់មតិ។
នៅក្នុងសុន្ទរកថា ផ្សាយតាមទូរទស្សន៍ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានបញ្ជាក់ថា ការទទួលខុសត្រូវ នៅតំបន់កាស្មៀរ គឺមានសហគមន៍អន្តរជាតិ ហើយប៉ាគីស្ថាននឹងខិតខំ ជំរុញឲ្យអន្តរជាតិ ជួយដោះស្រាយបញ្ហាវិវាទនេះឲ្យបានឆាប់បំផុត។
ការសម្រេចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក្នុងការលុបចោលនូវសិទ្ធិគ្រប់គ្រង ដោយស្វ័យភាព នៅតំបន់កាស្មៀរ បានរងនូវការថ្កោលទោសយ៉ាងខ្លាំង ពីប្រទេសប៉ាគីស្ថាន។ ប្រទេសជិតខាងទាំងពីរនេះ តែងតែប្រកាសរៀងៗខ្លួនថា តំបន់កាស្មៀរ គឺស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន។
បញ្ហាទាំងនេះហើយ ទើបធ្វើឲ្យតំបន់កាស្មៀរ ក្លាយទៅជាចំណុចវិវាទរបស់ប្រទេសទាំងពីរ។ រដ្ឋាភិបាលប៉ាគីស្ថានបានព្រមានថា ខ្លួននឹងលើកយកបញ្ហាខាងលើ ទៅដោះស្រាយ នៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ (ICC)។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានលើកឡើងទៀតថា ការសម្រេចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា គឺជាកំហុសយ៉ាងធ្ងន់ ហើយវាអាចប្រឈមនឹងសង្គ្រាមជាទ្រង់ទ្រាយធំ ឬអាចក្លាយទៅជាសង្គ្រាម នៅក្នុងតំបន់ទាំងមូលថែមទៀតផង ៕