ប្រទេសបារាំង៖ ជាលើកដំបូងដែលតារាចម្រៀងស្រីស្រគត់ស្រគុំ កញ្ញា ទៀង មុំសុធាវី បានបញ្ចេញភាពផ្អែមល្ហែមជាមួយបុរសម្នាក់ដែលជាគូស្នេហ៍។ គូស្នេហ៍ដែលតារាស្រីរូបនេះបង្ហាញជាសាធារណៈត្រូវបានគេដឹងថាជាអាណិកជនខ្មែររស់នៅប្រទេសបារាំង។
មានឈ្មោះបោះសំឡេងខ្លាំងលើការចេញច្រៀងនៅតាមបណ្តាប្រទសដែលមានប្រជាជនខ្មែរស់នៅ ទៀង មុំសុធាវី ចេញចូលក្រៅស្រុកមិនតិចដងទេ។ តារាចម្រៀងមនោសញ្ចេតនា មានសម្រសស់ស្រស់សោភារូបនេះហាក់មិនដែលស្និទ្ធនឹងបុរសក្នុងនិងក្រៅស្រុកណាម្តងឡើយទើបតែថ្មីៗនេះនាងធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈចាប់អារម្មណ៍ក្រោយពេលនាងបានរូបភាពស្វីតស្វីតជាមួយបុរសវ័យកណ្តាលម្នាក់ រួមជាមួយនឹងរូបថត មុនរៀបការ(Pre Wedding) យ៉ាងស្រស់ស្អាត ដែលនាងថតនៅក្រៅប្រទេស ។ ប្រភពពីអ្នកកៀកកិតជិតនាងបញ្ជាក់ថាបុរសវ័យកណ្តាលដែលមើទៅសាកសមនឹងនាងគឺជាអាណិកជនខ្មែររស់នៅប្រទេសបារាំងហើយពួកគេចាប់ផ្តើមស្គាល់ជាជាយូរមកហើយមុនពេលសម្រេចចិត្តទទួលយកគ្នាជាគូអនាគត។ ប្រភពថាតារាស្រីរូបនេះគ្រោងរៀបមង្គលការនៅក្នុងស្រុកនៅចុងឆ្នាំនេះហើយប្រាកដណាស់ថាគូស្នេហ៍នាងនឹងនាំនាងចេញទៅរស់នៅទីនោះជាមួយគ្នា។
គួរបញ្ជាក់ដែរថាចាប់តាំងពីចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ ទៀង មុំសុធាវី មិនដែលពើបប្រទះនឹងរឿងអាស្រូវឡើយ ជាពិសេសការតែងខ្លួនរបស់នាងក៏ស្រស់ស្អាត និង សុភាពរមទម្យផងដែរ ។ មានបុរសជាច្រើនទាំងអ្នកជំនួញ និងមន្ត្រីមានមុខមាត់ជាច្រើនធ្លាប់ព្យាយាមទំនាក់ទំនងស្នេហ៍តារាស្រីរូបនេះប៉ុន្តែមិនទទួលបានលទ្ធផល។ ទោះជាយ៉ាងណានាងទទួលបានការគាំទ្រលើទឹកដមសំនៀងរហូតមានឱកាសចេញទៅច្រៀងក្រៅប្រទេសញឹកញាប់ ដូចជា បារាំង អាមេរិក អូស្រ្តាលី និង កាណាដា ជាដើម ៕
ដោយ វឌ្ឍនា