ភ្នំពេញ ៖ កត្តាអវិជ្ជមានជាសត្យានុម័តចំនួន ០៣ ដែលធ្វេីអោយរាំងស្ទះដល់ការជួយធ្វេី អន្តរាគមន៍សង្គ្រោះអគារសិប្បកម្មផលិតពូក ដែលបានបំផ្លាញដោយអគ្គីភ័យ មានទីតាំងស្ថិតនៅក្រុមទី៤ ភូមិចម្រើនផល១ សង្កាត់ បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នេះបេីយោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិអោយដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់និងលេីកឡេីងអំពីកត្តាអវិជ្ជមានជាសត្យានុម័តចំនួន០៣ ដែលធ្វេីអោយរាំងស្ទះដល់ការជួយធ្វេីអន្តរាគមន៍សង្គ្រោះអគារសិប្បកម្មផលិតពូកអោយដឹងថា គឺទី១- ភូមិសាស្រ្តស្មុគស្មាញ ច្រកចូលសង្គ្រោះតូចចង្អៀត មិនអាចចល័តរថយន្តពន្លត់អគ្គិភ័យបានទាន់ពេល ,ទី២- ចំណុចចាប់ផ្តើមនៃអគ្គិភ័យគឺស្ថិតនៅចំណុចកណ្តាលនៃអគារសិប្បកម្មដែលធ្វើឲ្យភ្នាក់ងារពន្លត់អគ្គិ ភ័យ ពិបាកនឹងចូលទៅពន្លត់ដល់គោលដៅ និងទី៣- សម្ភារៈដែលឆេះ សុទ្ធសឹងតែជា សារធាតុងាយឆេះមានល្បឿនឆេះលឿនខ្លាំង ពិបាកពន្លត់ និងបង្កឲ្យមានផ្សែងដែលជាសារធាតុពុល និងខ្វះអុកស៊ីហ្សែន ដូចជាផ្លាកកាវ សាំងក្រអូប ក្រណាត់ សំឡី គ…។ល។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានអះអាងថា ដោយសារហេតុផលខាងលើបានបញ្ជាក់អំពីវិសាលភាពនៃអគ្គិភ័យនេះ ដែលមានឥទ្ធិពលពុំអាចគ្រប់គ្រងបាន បើទោះបីជាអង្គភាពពន្លត់អគ្គិភ័យប្រើប្រាស់មធ្យោបាយយ៉ាងច្រើន និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តី ។
កិច្ចសហប្រតិបត្តិការជួយសង្គ្រោះអគារសិប្បកម្មផលិតពូក ដែលត្រូវអគ្គិភ័យឆេះបំផ្លាញត្រូវបានអន្តរាគមន៍សង្គ្រោះយ៉ាងសកម្មចូលរួមពីនគរបាលពន្លត់អគ្គិភ័យ ,កងពលតូចលេខ៧០ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ,ក្រុមហ៊ុន OCIC ក្រុមហ៊ុនស្រាបៀកម្ពុជា និងបុរីប៉េងហួត ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥០គ្រឿង។
ឧបទ្ទវហេតុឆេះអគារខាងលេីនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សុភវិនិច្ឆ័យ យុត្តិធម៌ និងគាំទ្រលើកទឹក ចិត្តដល់កងកម្លាំងពន្លត់អគ្គិភ័យ និងប្តេជ្ញាប្រែក្លាយការគាំទ្រលើកទឹកចិត្តរបស់ សម្តេចតេជោឲ្យទៅជាកម្លាំងមុតស្រួច ក្នុងការបន្តជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ ប្រកបដោយភក្តីភាព ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុឆេះអគារសិប្បកម្មផលិតពូកបានកេីតឡេីងកាលពីថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ១៣: ២០នាទីរសៀល នៅអគារសិប្បកម្មផលិតពូក ស្ថិតនៅក្រុមទី៤ ភូមិចម្រើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានី ៕ ដោយ ៖ ជាយក្រុង