ប្រទេសជប៉ុន៖ មកទល់ពេលនេះមានពលរដ្ឋជប៉ុន រហូតដល់ជាង ២៤០ ០០០នាក់ ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព បញ្ចៀសពីគ្រោះមហន្តរាយធម្មជាតិ ដែលកំពុងតែវាយប្រហារជប៉ុន។
យោងតាមសារព័ត៌មាន Express បានផ្សាយនៅថ្ងៃទី២៨ ខែសីហា គ្រោះមហន្តរាយធម្មជាតិបានគំរាមកំហែងការរស់នៅរបស់ប្រជាជនជប៉ុន បង្ខំឲ្យមនុស្សជាច្រើនត្រូវភៀសខ្លួន ។ ការភៀសខ្លួន គឺដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ បណ្តាលមកពីទឹកជំនន់ និងបាក់ដី ។ បុរសម្នាក់បានបាត់បង់ជីវិតរួចហើយ ។
ភ្នាក់ងារឧតុនិយមជប៉ុនបានចេញព្រមានដល់ប្រជាពលរដ្ឋដែលរស់នៅដែនកោះ Kyushu ភាគនិរតីរបស់ប្រទេសជប៉ុន ។ ការព្រមាននេះធ្វើឡើងនៅពេលដែលកម្រិតទឹកភ្លៀងមានការកើនឡើងយ៉ាងឆាប់រហ័ស ។ ស្ថានភាពអាកាសធាតុអាក្រក់បែបនេះ បង្កឲ្យបាក់ដី និងទឹកជំនន់ ។
បុរសម្នាក់បានបាត់បង់ជីវិត ខណៈរថយន្តរបស់គាត់ត្រូវទឹកហូរកួចស្ថិតនៅក្នុងស្រុក Saga ។ មនុស្សប្រហែល ២៤០ ០០០ ត្រូវបានជម្លៀសខ្លួនទៅរកទីទួលមានសុវត្ថិភាព ។ ភ្នាក់ងារឧតុនិយមជប៉ុន ប្រកាសអាសន្នកម្រិតលេខ៥ ជាកម្រិតអាសន្នខ្ពស់បំផុត ។ ទឹកភ្លើងមានកម្ពស់កើនឡើង យ៉ាងឆាប់រហ័ស ក្នុងរយៈពេលប្រហែល២៤ម៉ោង កម្ពស់ទឹកភ្លៀងធ្លាក់មានប្រហែល១២០មីល្លីម៉ែត្រ ស្ថិតនៅភាគខាងជើងតំបន់ Kyushu ។
ភ្នាក់ងារឧតុនិយមជប៉ុនដដែលបញ្ជាក់ថា នៅតំបន់ Kanto-Koshin រួមបញ្ចូលទីក្រុងតូក្យូផងដែរ កម្ពស់ទឹកភ្លៀងបច្ចុប្បន្នមានប្រហែល១៨០មីល្លីម៉ែត្រ ។ កាលពីខែមុន មនុស្សជិត១លាននាក់ រស់នៅភាគខាងត្បូងខេត្ត Yushu ត្រូវបានជម្លៀសខ្លួនដោយសារតែភ្លៀងធ្លាក់ខ្លាំង ។
ដោយសារការគំរាមពីគ្រោះធម្មជាតិបែបនេះ នាយករដ្ឋមន្ត្រីស៊ីនហូ អាបេ បានជំរុញឲ្យប្រជាជនរស់នៅក្នុងតំបន់រងគ្រោះ ត្រូវតែប្រុងប្រយ័ត្នបំផុតចំពោះអាយុជីវិតរបស់ខ្លួន ក៏ដូចជាសត្វចិញ្ចឹមផងដែរ ។ កាលពីឆ្នាំ២០១៨ ជប៉ុនបានរងនូវគ្រោះទឹកជំនន់ និងបាក់ដីខ្លាំងជាងគេ នៅក្នុងអំឡុងខែមិថុនា និងខែកក្កដា ។
ក្នុងឱកាសនោះ មនុស្សប្រហែល២លាននាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង ។ មនុស្សជាង២០០នាក់បានស្លាប់ ពាក់ព័ន្ធគ្រោះមហន្តរាយធម្មជាតិ ។ មនុស្សប្រហែល ២៧០ ០០០ នាក់ទូទាំងប្រទេស ពុំមានអគ្គិសនី ឬទឹកស្អាតប្រើប្រាស់នោះទេ ៕
ដោយ៖ មែវ សាធី