ខេត្តកំពង់ស្ពឺ៖ ដើម្បីបញ្ចៀសការកកស្ទៈចរាចរណ៍ សមត្ថកិច្ចសម្រេចផ្អាកអោយធ្វើចរាចរណ៍បណ្ដោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ខេត្តកំពង់ស្ពឺព្រោះ រថយន្ដដឹកប្រេងខ្មៅជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យហូរប្រេងពេញថ្នល់ អាចរអិលបង្កគ្រោះទៅលើរថយន្តអ្នកដំណើរផ្សេងទៀត។
បើតាមដំណឹងជាបឋម និងយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា៖ មានរថយន្ដដឹកប្រេងខ្មៅមួយគ្រឿង ជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្តដឹកថ្ម នៅត្រង់ចំណុចគីឡូម៉ែត្រលេខ១០៣-១០៤ កំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។
សមត្ថកិច្ចបានឲ្យដឹងថា៖ រថយន្ត២គ្រឿងបានបុក សំណាងល្អមិនមានមនុស្សរងគ្រោះ ប៉ុន្ដែរថយន្ដដឹកប្រេងខ្មៅ បានធ្លាយស៊ីទែន បណ្ដាលឲ្យហូរប្រេងពាសពេញផ្លូវ មិនអាចឲ្យរថយន្ដផ្សេងទៀតធ្វើចរាចរណ៍បាន និងប្រឈមគ្រោះដល់អ្នកដំណើរផ្សេងទៀត។ដូច្នេះដើម្បីបញ្ចៀសគ្រោះថ្នាក់បន្ដទៀត ខាងសមត្ថកិច្ចបានសម្រេចផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន និងចាត់ចែងបញ្ជូនរថយន្ដពន្លត់អគ្គិភ័យចំនួន២គ្រឿង ដើម្បីទៅបាញ់សម្អាតផ្លូវនៅតំបន់ខាងលើ ដើម្បីកុំឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ដោយសាររអិលប្រេងដែលបានធ្លាយចេញ ដែលមានទ្រង់ទ្រាយច្រើនពាសពេញផ្លូវ៕
ដោយ៖ សុខ ខេមរា