ខេត្តមណ្ឌលគិរី៖ បទល្មើសព្រៃឈើដ៏ចាក់ស្រេះក្នុងខេត្តមណ្ឌលគិរី ត្រូវបានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា បង្ក្រាបជាបន្តបន្ទាប់ និង ឃាត់ខ្លួនមនុស្សជាច្រើននាក់ ដែលគ្រប់គ្រងដោយ លោក ស្វាយ សំអ៊ាង ជា អភិបាលខេត្តមណ្ឌលគិរី ។
ថ្មីៗនេះ លេចរឿងដ៏កក្រើកមួយទៀត គឺ ការចុះហត្ថលេខាអោយលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ កាន់កាប់ដីរបស់រដ្ឋជិត១ពាន់ហិកតា ដែលពេលនេះ លោក សេង សុវណ្ណារ៉ា ត្រូវអស់តំណែង ហើយ រង់ចាំតែចំណាត់ការបន្តទៀតតែប៉ុណ្ណោះ ។
ក្នុងឆ្នាំ២០១៩ នេះ “អភិក្រមទី៥ វះកាត់” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានកម្ចាត់ចោលមន្ត្រីពុករលួយ មន្ត្រីអសកម្ម ជាបន្តបន្ទាប់ ។
មហាជន រង់ចាំមើលថា តើ “អភិក្រមទី៥ វះកាត់” នេះ អាចនឹងត្រូវប្រើចំពោះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដែរឬទេ ? ។
ទោះបីយ៉ាងណា កន្លងមក រដ្ឋបាលខេត្តមណ្ឌលគិរី បញ្ជាក់ថា ពាក់ព័ន្ធនឹងដីជិត១ពាន់ហិកតា របស់លោក សេង សុវណ្ណារ៉ា ដែលមានទីតាំងស្ថិតនៅភូមិអន្រ្តេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី នេះ អាជ្ញាធរខេត្ត មានការសង្ស័យថា ការគ្រប់គ្រង់ដីនេះ អាចនឹងមានភាពមិនសមរម្យ អាជ្ញាធរខេត្ត បានចាត់តាំងមន្ត្រីជំនាញសហការជាមួយអាជ្ញាធរភូមិឃុំស្រុក ចុះពិនិត្យសិក្សាស្រាវជ្រាវ នឹងបានពិនិត្យឃើញថា ការគ្រប់គ្រងដីនេះ ពិតជាមិនមានភាពត្រឹមត្រូវ និងសមស្របតាមច្បាប់ពិតប្រាកដមែន ទើប អាជ្ញាធរខេត្ត បានចេញដីកាលេខ ០០៦ ដក.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដើម្បីដកហូតទុកជាព្រៃរបស់រដ្ឋវិញហើយ ។
ទោះជាយ៉ាងណាក៏ដោយ គេបានឃើញឯកសារមានសុីញ៉េតាំងពីមេភូមិ-មេឃុំ-អភិបាលស្រុក-រហូតដល់លោកអភិបាលខេត្ត ស្វាយ សំអ៊ាង ហាក់កើតឡើងជាលក្ខណៈប្រព័ន្ធ ករណីរំលោភយកដីរដ្ឋនេះ៕
ដោយ៖ ចេស្តា