ខេត្តសៀមរាប ៖ សាកសពអ្នកកាសែតមួយរូប ដែលបានបាត់ខ្លួនជាច្រើនថ្ងៃមកនោះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញនៅក្នុងព្រៃ ជិតអង្គរវត្ត បង្កការភ្ញាក់ផ្អើលវេលាម៉ោង៦និង៣០នាទីថ្ងៃទី២៧ ខែសីហា ម្សិលមិញ ស្ថិតនៅក្រុមទី១៣ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាម ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អេម រដ្ឋា ភេទប្រុសអាយុ២៧ ឆ្នាំមុខរបរ អ្នកសារព័ត៌មាន (មួយ រៀល) មានទីលំនៅអចិន្រៃយ៍ក្នុងភូមិ គោកភ្លូ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
តាមការបំភ្លឹពីសាក្សីឈ្មោះ សៀក គីមសឿន និងឈ្មោះ ជា ស៊ីនួន ព្រមទាំង ឈ្មោះ ស៊ីណាត ជាអ្នកដើររកផ្សិតនៅក្នុងព្រៃបានឲ្យដឹងថានៅវេលាម៉ោង៦និង៣០នាទី ខ្លួនទាំង៣នាក់ បានដើររកផ្សិតក្នុងព្រៃអង្គរបានប្រទះឃើញសាកសពចងកនិងដើមឈើរួចរត់មករាយការណ៍ជូនសមត្ថកិច្ចឲ្យទៅជួយពិនិត្យមើល។
តាមការពិនិត្យសាកសពមានភាពស្អុយរលួយនៅសល់តែឆ្អឹង និងសំលៀកបំពាក់ សមត្ថកិច្ចសន្និដ្ឋាន សពស្លាប់ដោយធ្វើអត្តឃាត ( ចងកនិងខ្សែគោពណ៌ខៀវ កំពស់៦ម៉ែត្រ ពីដី )ករណីនេះអាចបណ្តាលមកពីមាន វិបត្តិក្នុងគ្រួសាររួចចង.កសម្លាប់ខ្លួនឯង សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
តាមការបញ្ជាក់ពីសមត្ថកិច្ចថា កាលពីជាង១ខែមុននេះ ភរិយាសពខាងលើបានប្តឹងឲ្យជួយអន្តរាគមន៍ ករណីបាត់ប្តីរបស់ខ្លួនជាច្រើនថ្ងៃមិនឃើញមកផ្ទះវិញ ទើបតែថ្ងៃម្សិលមិញត្រូវបានគេប្រទះឃើញសាកសព នៅក្នុងព្រៃអង្គរ ៕ ប៊ុនរិទ្ធី