ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ បានផ្ញើសារតាមរយៈហ្វេសប៊ុករបស់សម្តេចជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ ។
សម្តេចបានសរសេរថាៈ
«បងប្អូនដែលរស់នៅតាមបណ្តោយផ្លូវវេងស្រេងជាទីស្រឡាញ់!
ខ្ញុំទើបបានដឹងរឿងដែលរថយន្តគ្រួសាររស់នៅតាមបណ្តោយផ្លូវវេងស្រេងត្រូវក្រុមហ៊ុនយកប្រាក់ ១១០០ រៀលក្នុងរថយន្ត១គ្រឿង ឬ ត្រូវបិទ sticker ក្នុងតម្លៃ១៣២០០០ រៀលក្នុងរថយន្ត១គ្រឿង នេះបើតាមការបញ្ជាក់របស់បងប្អូនដែលបានផ្ញើព័ត៌មានពិតមកកាន់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុគ (Facebook) របស់ខ្ញុំ។ ចំណែកអាជា្ញធរបញ្ជាក់ថា ៤០.០០០ រៀល១គ្រឿង។
សំរាប់ខ្ញុំ ទោះតម្លៃមួយណាក៏ដោយបងប្អូនមិនត្រូវបង់ថ្លៃផ្លូវឬបង់ថ្លៃធ្វើ sticker នោះទេ។ ខ្ញុំបានបញ្ជាឱយអភិបាលក្រុងធ្វើ Sticker ជូនបងប្អូនដោយមិនចាំបាច់បង់ប្រាក់សំរាប់រថយន្តគ្រួសារដែលរស់នៅតាមបណ្តោយផ្លូវនិងស្ថិតក្នុងតំបន់ដែលក្រុមហ៊ុនធ្វើវិនិយោគ។ បងប្អូនត្រូវបំពេញកាត្វកិច្ចបង់ពន្ធផ្លូវជូនរដ្ឋតាមការកំណត់នៃច្បាប់ តែមិនត្រូវបង់ថ្លៃផ្លូវមុខផ្ទះបងប្អូននោះទេ។
សាលាក្រុងភ្នំពេញត្រូវចាត់កម្លាំងចុះធ្វើ Sticker ជូនបងប្អូនបន្ទាន់។ សុំអរគុណបងប្អូនដែលបានផ្តល់ពត៏មានពិតដល់ខ្ញុំ។ អរគុណចំពោះក្រុមហ៊ុនដែលបានឆ្លើយតបភ្លាមៗចំពោះការចាត់ការរបស់ខ្ញំ។ កោតសសើរឯកឧត្តមប៉ា សុជាតិវង្ស ដែលបានចាត់ការភ្លាមៗ ដើម្បីដោះស្រាយកង្វល់របស់ប្រជាជន។ សូមបញ្ជាក់ថា ខ្ញុំទទួលនឹងជួយ ដោះស្រាយរឿងពិតប្រាកដដែលជាទុក្ខកង្វល់របស់ប្រជាជន។
ខ្ញុំ និងភរិយាសូមជូនពរបងប្អូនជនរួមជាតិក្នុងឱកាសចូលឆ្នាំថ្មី ២០១៦ ដែលនឹងមកដល់នាពេលខាងមុខនេះ សូមជួបប្រទះតែសេចក្តីសុខនិងសំណាងល្អគ្រប់គ្នា» ៕
————————————————————-
សំណូមពរប្រជាពលរដ្ឋ: (ខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវវេងស្រេង សុំសម្តេចជួយដោះស្រាយផង ក្រុមហ៊ុនសាងសង់ផ្លូវបានកំណត់យកថ្លៃឆ្លងកាត់សម្រាប់ឡានគ្រួសារតម្លៃ១១០០រៀល ដែលពីមុនមិនមានការយកទេ ។ ក្រុមហ៊ុនអោយធ្វើ sticker បិទដើម្បីចេញចូលមិនបាច់បង់ប្រាក់ ប៉ុន្តែតម្លៃនោះគឺ១៣២០០០រៀលក្នុងមួយឆ្នាំគឺថ្លៃជាងបង់ពន្ធផ្លូវទៅទៀត។ សូមសម្តេចជួយដោះស្រាយផង។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត។)