ភ្នំពេញ៖ កាលពីវេលាម៉ោងរំលងអធាត្រ ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បញ្ជាក់ថា ផ្លូវវេងស្រេងជាកាដូសម្រាប់ពលរដ្ឋប្រើប្រាស់ដោយគ្មានបង់លុយតទៅទៀតទេ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានសរសេរយ៉ាងដូច្នេះថា៖
«ខ្ញុំជូនផ្លូវវេងស្រេងជាកាដូសម្រាប់ពលរដ្ឋប្រើប្រាស់ដោយគ្មានបង់លុយតទៅទៀត។
ខ្ញុំបានមើលឃើញកាន់តែច្បាស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងទាំងពលរដ្ឋរស់នៅក្នុងតំបន់វេងស្រេង និងពលរដ្ឋនៅទូទាំងរាជធានី ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវវេងស្រេងនេះ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណពលរដ្ឋដែលបានសរសេរផ្តល់ព័ត៌មានពិតមកកាន់ Facebook របស់ខ្ញុំអំពីបញ្ហា និងការព្រួយបារម្ភទាំងឡាយដែលបងប្អូនកំពុងជួបប្រទះនៅលើកំណាត់ផ្លូវនេះ។
ក្រោយពីបានសិក្សាល្អិតល្អន់មួយកម្រិតធំថែមទៀត គឺរាជរដ្ឋាភិបាលសម្រេចទិញយកការវិនិយោគទាំងមូលនៃផ្លូវវេងស្រេងនេះមកកាន់កាប់ទាំងស្រុងវិញ។ ខ្ញុំបានបញ្ជាទៅសាលាក្រុង និងក្រុមហ៊ុនឯកជនត្រូវបញ្ឈប់យកលុយទាំងស្រុងចាប់ពីពេលចេញដំណឹងនេះ ហើយចាប់ពីពេលនេះតទៅ គឺបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទូទៅគឺឈប់បង់ប្រាក់តទៅទៀតហើយ។ នេះគឺជាកាដូសម្រាប់បងប្អូនជនរួមជាតិនៅក្នុងឆ្នាំថ្មី ២០១៦ នេះ!
បងប្អូននិងសន្សំបានប្រាក់ដែលធ្លាប់បង់ថ្លៃផ្លូវមកលើកកំពស់ជីវភាពក្នុងក្រុមគ្រួសារវិញ។
យប់នេះខ្ញុំមិនសំរាកទេរង់ចាំមើលការយល់ឃើញ និងការផ្តល់មតិរបស់ជនរួមជាតិតទៅទៀត។
ខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរជាមួយដំណឹងនេះ ហើយសូមធ្វើដំណើរមានសុវត្ថិភាពគ្រប់ពេលជានិច្ច» ៕