ខេត្តសៀមរាប ៖ សកម្មភាពចោរលួចគោ និងក្របី បានស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំនៅក្នុងខេត្តសៀមរាប ទើបតែពេលនេះបានកក្រើកមកវិញហើយ ដោយមានក្រុមចោរឆ្មក់លួចដឹកក្របីអ្នកភូមិចំនួន៨ក្បាលបម្រុងអូសឡើងរថយន្តកូរ៉េ។ តែសំណាងល្អបានពលរដ្ឋប្រទះឃើញទាន់ រួចក៏ស្រែកឆោឡោ ពេលនោះក្រុមចោរបើកឡានគេចបាត់ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណជា៣ទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ម្តុំវាលស្រែ ស្ថិតក្នុងភូមិឃុនមោក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
តាមការឲ្យដឹងរបស់ម្ចាស់ក្របីឈ្មោះ ម៉ុយ ម៉ឺន ភេទប្រុស អាយុ៥៥ឆ្នាំ បានរៀបរាប់ថា នៅម៉ោងប្រហែល១២យប់ គាត់បានចូលដេក ហើយឃើញក្របីរបស់គាត់នៅដដែល។ តែក្រោយមកនៅម៉ោងប្រហែល២រំលងអធ្រាត្រ ក៏មានអ្នកភូមិម្នាក់ក្រោកទៅស្រែមើលក្របីរបស់គាត់ដែរ ហើយបានឃើញមនុស្សចម្លែកបើកឡានមកទយប្រុងដឹកក្របី គាត់ក៏ស្រែកឆោឡោឡើងធ្វើឲ្យក្រុមចោរភ័យស្លន់ស្លោរត់បាត់អស់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ដោយទទួលបានសេចក្ដីរាយការណ៍របស់ពលរដ្ឋ និងប្រជាការពារ កម្លាំងសមត្ថកិច្ចស្រុកប្រាសាទបាគង បានសហការគ្នាដេញតាមរករថយន្តរបស់ជនល្មើសដែរ តែតាមមិនទាន់ដោយសារការផ្តល់ព័ត៌មានមកសមត្ថកិច្ចមានការយឺតយ៉ាវបន្តិច។
សមត្ថកិច្ចបន្តថា ក្រុមចោរឆ្មក់លួចដឹកក្របីអ្នកភូមិចំនួន៨ក្បាលបម្រុងអូសឡើងរថយន្តកូរ៉េជិតបានសម្រេច។ តែសំណាងល្អ បានពលរដ្ឋម្នាក់ប្រទះឃើញទាន់ រួចស្រែកឆោឡោឡើង ក៏ផ្អើលដល់អ្នកភូមិមកមើល ពេលនោះក្រុមចោរបើកឡានគេចបាត់ដោយបន្សល់ទុកក្របីនៅនឹងកន្លែង។ សមត្ថកិច្ចបន្តថា ចំណែកក្របីទាំង៨ក្បាលនោះ ត្រូវបានប្រគល់ជូនម្ចាស់វិញហើយនៅព្រឹកថ្ងៃដដែល។
ករណីចោរលួចគោ ក្របី អ្នកស្រុកនេះដែរបានស្ងាប់ស្ងាត់យូរណាស់មកហើយនៅខេត្តសៀមរាប ឥឡូវទើប តែកក្រើកឡើងវិញ។ ចឹងទេ បងប្អូនពលរដ្ឋទាំងអស់ គួរមានវិធានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផង ៕ប៊ុនរិទ្ធធី