ខេត្តស្ទឹងត្រែង៖ សត្វត្រយង ជាប្រភេទសត្វស្លាបដ៏កម្រ អាចនឹងជិតផុតពូជ ខណៈកំពុងរងនូវការគំរាមកំហែងដ៏ច្រើននិងគ្រប់រូបភាពពីក្រុមព្រានព្រៃបបាញ់សម្លាប់យកធ្វើជាអាហារ។
ក្រុមអ្នកអភិរក្សសត្វព្រៃសំដែងនូវក្តី ព្រួយបារម្ភអំពីការរស់រានរបស់ប្រភេទសត្វទាំងនេះ ដែលកំពុងមានរស់នៅក្នុងប្រទេសកម្ពុជា។
សព្វថ្ងៃនេះសត្វត្រយងចំកំកស មួយចំនួនមានគេអះអាងថា មានវត្តមាននៅលើដីកោះស្រឡាយ ស្រុកសៀមបូក នៅភាគខាងលិច នៃខេត្តស្ទឹងត្រែង។
យោងតាមលោក ចៅ ឡេងថុល ដែលជាមន្ត្រីរបស់ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ហៅកាត់ថា ACCB) មានទីតាំងនៅក្រុងស្ទឹងត្រែង) បានអោយដឹងថា ៖ ការធ្វើជំរឿនថ្នាក់ជាតិ គឺចាប់អនុវត្តនៅក្នុងរដូវវស្សា ដោយសហការជាមួយអង្គការផ្សេងៗទៀតមានដូចជា អង្គការ Birdlife International Cambodia, អង្គការ WCS, អង្គការ WWF រួមជាមួយនិង ដៃគូររាជដ្ឋាភិបាលពាក់ព័ន្ធផ្សេងៗទៀត។
លោក ចៅ ឡេងថុល បានបង្ហើបប្រាប់ឱ្យដឹងទៀតថា៖ នៅពេលដែលចំនួននៃសត្វត្រយងចំកំកសរ ហាក់ដូចជាធ្លាក់ចុះនៅក្នុង តំបន់ផ្សេងៗទៀតនៃប្រទេសកម្ពុជាយើង ដែលសត្វប្រភេទនេះវារស់នៅជាហ្វូងផ្តុំគ្នា ហើយមានក្តីសង្ឈឹម រស់នៅលើដីកោះ ក្នុងឃុំកោះស្រឡាយ ដែលថ្មីៗនេះខាងអង្គការរបស់លោកបានថត និងរាប់ ឃើញចំនួន៣៨ក្បាលហើយសត្វត្រយងចំកំកសរ កំពុងស្ថិតក្នុងការតាមដាន អភិរក្សរបស់អង្គការរួមនិងងមន្ត្រីជំនាញផងដែរ។
បើតាមលោក ណុប បូរ៉ាត ជានាយកសាលាភូមិស្មាកោះ ឃុំកោះស្រឡាយ និងប្រជាពលរដ្ឋដែលរស់នៅទីនោះ បានធ្វើការប៉ាន់ប្រមាណឃើញថា មានសត្វ(ត្រយងចំ កំកសរ) ប្រហែលជា៥០ក្បាល។
សូមបញ្ជាក់ថា៖ ឃុំកោះស្រឡាយ ស្រុកសៀមបូក មានភូមិសាស្រ្តព្រៃឈើដែលមានការអភិរក្ស ពីសហគមន៍នៅតំបន់ខាងលើ ទើបធ្វើឱ្យសត្វរាប់រយប្រភេទ រួមទាំងសត្វត្រយង ពីរប្រភេទគឺត្រយងចំកំ កសរ និងត្រយងយក្សកំពុងតែរស់នៅទីនោះ។
សត្វត្រយងត្រូវគេចាត់ទុកថាគឺជាប្រភេទសត្វដ៏កម្រជិតផុតពូជទៅហើយនៅក្នុងប្រទេសកម្ពុជាយើង។ មានចំនួនប្រហែល ជា៩៥%នៃចំនួនដែលនៅសល់ទូទាំងសកលលោក។ ហើយមានរស់នៅតាមតំបន់ដែលមានព្រៃធម្មជាតិនិងអំណោយផលក្នុងការរកចំណី។
ចំណីដែលសត្វនេះស៊ីគឺជាប្រភេទសត្វល្អិត ខ្យង ខ្ចៅ អន្ទង់ ត្រីតូចៗ និងពស់តូចៗ ជាដើម។ ក្នុងមួយឆ្នាំវាបន្តពូជតែម្តងប៉ុណ្ណោះ គឺក្នុងខែកុម្ភៈ ដល់ខែឧសភា ដោយមួយសំបុក និងមានពងពី១ ទៅ៣ពងតែប៉ុណ្ណោះ វាចូលចិត្តធ្វើសំបុកនៅលើដើមឈើធំៗខ្ពស់ៗ និងឈើដែលមិនសូវមានស្លឹក ស៊ុបទ្រុបនោះដែរ ហើយវាច្រើនរស់នៅតាមដងទន្លេដីវាល វាលស្មៅងាយស្រួលដល់ការរកចំណីរបស់វាផងដែរ។
ក្រុមអ្នកអភិរក្សកំពុងមានការព្រួយបារម្ភពីការបាត់បង់ជិតផុតពូជរបស់សត្វដ៏កម្រនេះ ជាពិសេសដោយសារតែសត្វដ៏កម្រទាំង នេះមានវត្តមានតែនៅក្នុងភូមិភាគឦសាន ក្នុងខេត្តស្ទឹងត្រែងយើងនេះ។
លោក ចៅ ឡេងថុល បានជុំរុញដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើការប្រម៉ាញ់ សត្វទាំងនោះលក់ ឬធើ្វម្ហូប ត្រូវចូលរួមការពារសត្វស្លាបដ៏កម្រជិតជិតផុតពូជទាំងនេះឱ្យបានគង់វង្សទុកដល់កូនចៅជំនាន់ក្រោយបានស្គាល់ និងបានសិក្សា ស្រាវជ្រាវផង។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ធ្វើការផ្តោតលើការការពារជីវៈចម្រុះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមជ្ឈមណ្ឌលនេះមានមណ្ឌលអភិរក្ស និងសង្រ្គោះសត្វព្រៃ ដែលស្ថិតនៅភូមិក្បាលស្ពាន ក្នុងខេត្តសៀមរាបផងដែរ។
មជ្ឈមណ្ឌលនេះធ្វើការសង្រ្គោះនិងស្តារនីតិសម្បទាសត្វព្រៃ ដោយព្រលែងពពួកសត្វទាំងនោះឱ្យចូលទៅរស់នៅក្នុងទីជម្រកព្រៃធម្មជាតិវិញ៕
ដោយ!មាស សុផាត