ប្រទេសអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស ខ្លាចការចាកចេញពីអឺរ៉ុប មិនទទួលបានជោគជ័យ ទើបលោកស្នើដល់ ព្រះមហាក្សត្រី ផ្អាកដំណើរការរដ្ឋសភា ។ ការផ្អាកនោះទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីតំណាងរាស្ត្រក្រុមប្រឆាំង ដោយចាត់ទុកថាជាការបិទសិទ្ធិតំណាងរាស្ត្រ។
នៅពេលនេះក្រុមប្រឆាំងនិងBrexitដែលគ្មានកិច្ចព្រមព្រៀង បានផ្តើម នៅថ្ងៃព្រហស្បតិ៍នេះ ដំណើរការប្តឹងផ្តល់ ទៅតុលាការ ដើម្បី ប្រឆាំង នាយករដ្ឋមន្រ្តីអង់គ្លេស ដែលកាលពីថ្ងៃពុធ បានប្រកាស លើកសម័យប្រជុំសភា ទៅថ្ងៃទី ១៤តុលា ពោលគឺនៅ២សប្តាហ៍មុន ដែលអង់គ្លេស ត្រូវចាកចេញពីសហភាពអឺរ៉ុប។ ប្រធានរដ្ឋសភា និងគណបក្សប្រឆាំង បរិហារ រិៈគន់ចំណាត់ការរបស់លោកនាយករដ្ឋមន្រ្តី បូរីស ចនសុន ថា ជាការធ្វើរដ្ឋប្រហារសភា និងរំលោភរដ្ឋធម្មនុញ្ញអង់គ្លេស។
ការសម្រេចរបស់នាយករដ្ឋមន្រ្តី អង់គ្លេស ក្នុងការបិទទ្វារសភា មិនឲ្យមានការប្រជុំ រហូតដល់ថ្ងៃទី ១៤តុលា បានបង្កឲ្យមានរលករិៈគន់ខ្លាំងក្លា មិនថា ពីក្រុមអ្នកនយោបាយ និងប្រជាជនអង់គ្លេស។ កាលពីថ្ងៃពុធ នៅប៉ុន្មានម៉ោងក្រោយលោកបូរីស ចនសុន ប្រកាស លើកសម័យប្រជុំសភា អង់គ្លេស ពលរដ្ឋអង់គ្លេសរាប់ពាន់នាក់បានចុះថ្នល់ ធ្វើបាតុកម្ម នៅតាមទីក្រុង ធំៗរបស់អង់គ្លេស និងនៅមុខរដ្ឋសភា ដើម្បី បរិហារពីការធ្វើរដ្ឋប្រហារសភា។ នៅលើវេបសាយ ញត្តិប្រឆាំងនិងការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តី បានទាក់ទាញអ្នកគាំទ្រ ជាង១លាននាក់ នៅក្នុងរយៈពេល មិនដល់២៤ម៉ោង។
ការសម្រេចផ្អាកសម័យប្រជុំសភា បានជំរុញផងដែរឲ្យក្រុមអ្នកប្រឆាំងនឹងការដើរចេញរបស់អង់គ្លេស ពីអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង ផ្តើមនិតិវិធីប្រឆាំង រដ្ឋាភិបាល តាមផ្លូវតុលាការ។ នៅថ្ងៃព្រហស្បតិ៍ សមាជិកសភា ចំនួន៧៥នាក់ ដែលគាំទ្រ សហភាពអឺរ៉ុបបានដាក់ពាក្យបណ្តឹងទៅតុលាការ ជាន់ខ្ពស់ នៅអេកូស ។ ចំណែក សកម្មជនប្រឆាំងនឹងការដើរចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបម្នាក់ លោកស្រី Gina Miller បានដាក់ពាក្យបណ្តឹងទៅតុលាការអង់គ្លេស ក្នុងក្តីសង្ឃឹម រារាំងកុំឲ្យនាយករដ្ឋមន្រ្តីអង់គ្លេស អាច ផ្អាកព្យួរសភា។
លោកស្រី Gina Millerធ្លាប់បានជោគជ័យម្តងហើយ នៅក្នុងការតស៊ូមតិប្រឆាំងរដ្ឋាភិបាល នៅតាមផ្លូវតុលាការ ដែលបានយល់ស្របជាមួយលោកស្រី ដែលបានទាមទារឲ្យរដ្ឋាភិបាលអង់គ្លេស របស់លោកស្រី តេរ៉េហ្សា មេចូលខ្លួនពន្យល់សភា ពីដំណើរការដកខ្លួនអង់គ្លេស ពីសហភាពអឺរ៉ុប។
រដ្ឋមន្រ្តីទំនាក់ទំនងសភា នៅថ្ងៃព្រហស្បតិ៍នេះបានចេញមុខការពារការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងហេតុផលថា ការផ្អាកព្យួរសម័យប្រជុំសភា ធ្វើឡើង ដើម្បីទុកពេលឲ្យរដ្ឋាភិបាលអាចត្រៀម រៀបចំកម្មវិធីនយោបាយថ្មី ទាក់ទងនឹងការចរចាដកអង់គ្លេសពីសហភាពអឺរ៉ុប។ រដ្ឋាភិបាលអង់គ្លេសនៅតែអះអាងថា បើទោះជាមានការលើកសម័យប្រជុំ សមាជិកសភា នៅតែមានពេលវេលាគ្រប់គ្រាន់ ដើម្បី ពិភាក្សា និងបោះឆ្នោត គាំទ្រ ច្បាប់ Brexit ឲ្យបានមុនថ្ងៃកំណត់ ថ្ងៃទី ៣១តុលាខាងមុខ។
សម្រាប់គណបក្សប្រឆាំង ការសម្រេច របស់លោកបូរីស ចនសុន ដើម្បីផ្អាកសម័យប្រជុំ សភា គឺជាការបិទផ្លូវមិនឲ្យក្រុមប្រឆាំងអាចមានពេលចរចាឡើងវិញ ពីពេលវេលាចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបដែលបានកំណត់នៅថ្ងៃទី៣១ តុលា។ លោកហ្សេរ៉េមី ក័រប៊ីន ប្រធានគណបក្សពលករដែលជាបក្សប្រឆាំង បានបរិហារខ្លាំងៗ ដោយចាត់ទុកការសម្រេចចិត្តរបស់លោកបូរីស ចនស៊ុន ថា ជាការគំរាមកំហែងលទ្ធិប្រជាធិបតេយ្យអង់គ្លេស។ តាមប្រភពពីមន្រ្តីបក្សពលករ លោកក័រប៊ីនបានសរសេរសំបុត្រ ស្នើឲ្យមានសវនការជាមួយ ព្រះមហាក្សត្រាយានី Elisabeth ដើម្បី ពិភាក្សាពីរឿងនេះ។ ប្រមុខបក្សប្រឆាំងអង់គ្លេសសង្ឃឹមផងដែរនឹងទទួលបានការគាំទ្រពីអ្នកតំណាងរាស្រ្តដើម្បី បោះឆ្នោត ដកទំនុកចិត្តពីរដ្ឋាភិបាល។ លោកក័រប៊ីនត្រូវធ្វើការនេះឲ្យបាន នៅមុន ការលើកសម័យប្រជុំសភា ដែលត្រូវចាប់ផ្តើម ពីថ្ងៃទី ៩កញ្ញា រហូតដល់ថ្ងៃទី ១៤តុលាខាងមុខ៕
ដោយ៖ មែវ សាធី