ខេត្តកំពង់ចាម ៖ រហូតដល់ថ្ងៃទី៤កញ្ញាឆ្នាំ២០១៩នេះ មានរយៈពេល៣ថ្ងៃហេីយ បន្ទាប់ពីចោរបានចូលគាស់ទ្វារបង្អួចលួចយករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនទៅបាត់ បន្សល់ទុកក្តីសោកសៅដល់ម្ចាស់រថយន្តដែលជាជនរងគ្រោះតែប៉ុណ្ណោះ ខណៈកម្លាំងសមត្ថកិច្ចស្រុកកំពង់សៀម ចាត់ការស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនសង្ស័យនៅទាន់មានតម្រុយខ្លះៗនៅឡេីយទេ ។
ការបាត់បង់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅពេលនេះ អាចជាកំហុសក្នុងការធ្វេសប្រហែសរបស់ម្ចាស់ទ្រព្យក៏ថាបាន ដែលបានបាត់បង់ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងការពារដោយច្បាប់ ។ ទោះយ៉ាងណា អាជ្ញាធរមានសមត្ថកិច្ច កំពុងដុតដៃដុតជើង បើកការស្រាវជ្រាវយកចិត្តទុកដាក់តាមរកអោយឃេីញអត្តសញ្ញាណចោរលួចទាំងនោះ ដេីម្បីយកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីអោយប្រជាពលរដ្ឋដេកបានស្ងប់ចិត្ត ។
ជនរងគ្រោះជាម្ចាស់ទ្រព្យដែលបាត់បង់ឈ្មោះ ចន ធន់ ភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បន្ទាប់ពីកេីតហេតុ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤ព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀមអោយជួយអន្តរាគមន៍ រករថយន្តរបស់ខ្លួន ដោយប្ដឹងពីជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ចម្រឹងបង្អួចទ្វារ ផ្នែកខាងក្រោយហាងលក់កាហ្វេគុយទាវរបស់ខ្លួនចូលលួចយករថយន្តចំនួន១គ្រឿង ម៉ាកកាមរីបាឡែន ស៊េរីឆ្នាំ២០០៣ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC 6793 លេខម៉ាស៊ីន 2AZ7552575 លេខតួ4T1BE30K63U753943 និង លុយក្នុងកេសតុ ប្រហែល៥០ ម៉ឺនរៀល ដែលបានទុកក្នុងហាង ។
ក្នុងពាក្យបណ្ដឹងជនរងគ្រោះ បានរៀបរាប់ទៀតថា ក្រោយចប់ការងារដូចសព្វដងបានចតរថយន្តទុកក្នុង ហាង និងទុកកូនសោឡានព្យួរចោលនៅជាប់ជញ្ជាំងក្នុងហាង ហើយបិទទ្វារចាក់សោត្រឹមត្រូវ ហើយនាំគ្នាទៅដេកនៅផ្ទះជាប់ហាងខាងកើត លង់លក់ក្នុងដំណេក ។ លុះមកដល់វេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ទើបម្ចាស់ផ្ទះងើបពីដំណេករៀបចំ បើក ហាងលក់ចាក់សោបើកទ្វារច្រកខាងកើតទាញបើកមិនចេញដោយមានគេដាក់គន្លឹះពីខាងក្នុងទាញមិនចេញ ក៏ដើរមកច្រកទ្វារខាងមុខ ស្រាប់តែឃើញទ្វារមុខហាងចំហចោលហើយបាត់រថយន្ត ក៏ផ្អើលឆោឡោនៅគ្រានោះ ។
បេីទោះយ៉ាងណា ក្នុងនាមក្នុងនាមកម្លាំងសមត្ថកិច្ច ត្រូវខិតខំប្រឹងប្រែងការពារ សន្តិភាព សណ្តាប់ធ្នាប់ សង្គម និងប្រទេសជាតិ ដើម្បីសន្តិសុខសុវត្ថិភាពដល់បងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋានអោយសុខស្រួលស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពោលគឺគ្មាន៩យ៉ាង ៕ ដោយ ៖ វណ្ណៈ