អាមេរិក អនុញ្ញាតឲ្យក្រុមហ៊ុនវៀតណាមហោះហើរ ត្រង់ទៅកាន់អាមេរិក

ចែករំលែក៖

វិស័យអាកាសចរណ៍របស់វៀតណាម បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារចំនួនអ្នកដំណើរ បានកើនឡើង រហូតដល់២៥លាននាក់ ក្នុងឆ្នាំ ២០១២ និង៦២ លាននាក់ កាលពីឆ្នាំ២០១៨។ ចំនួនភ្ញៀវទេសចរ មកពីសហរដ្ឋអាម៉េរិក ក៏បានកើនឡើង ជិត៦០ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ នៅក្នុងប្រទេស ដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវ ក្នុងការហោះហើរ ដោយត្រង់ទៅកាន់សហរដ្ឋអាមេរិក។ នេះបើយោងតាមការ ចេញផ្សាយ របស់កាសែតហ្សាការតាប៉ុស្ដិ៍ កាលពីថ្ងៃទី៥ ខែកញ្ញា ម្សិលមិញនេះ។

ការអនុញ្ញាតឲ្យមានការហោះត្រង់នេះ ត្រូវបានយល់ព្រមអស់រយៈពេលជាច្រើនខែមកហើយ ហើយ​ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ចង់ទាញយកទីផ្សារ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស សម្រាប់ការធ្វើដំណើរ តាមផ្លូវ អាកាស នៅក្នុងចំណោមប្រជាជន មានកម្រិតជីវភាពមធ្យម នៅក្នុងប្រទេសវៀតណាម។

ការធ្វើដំណើរ តាមផ្លូវអាកាស ក្នុងស្រុក និងក្នុងតំបន់ កំពុងតែរីកចម្រើន ក្នុងចំណោមអ្នកទេសចរវៀតណាម ហើយក្រុមហ៊ុនអាកាសចរណ៍នានា សង្ឃឹមថា ទីផ្សារនេះនឹងពង្រីកការធ្វើដំណើរ ដោយត្រង់ទៅកាន់ទឹកដីសហរដ្ឋអាម៉េរិក។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានទទួលការអនុញ្ញាតឱ្យហោះហើរត្រង់ ពីទីក្រុងហាណូយ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នាភាគខាងត្បូង គឺទីក្រុងហូជីមិញ ឆ្ពោះទៅកាន់ទីក្រុង Los Angeles, សាន់ហ្វ្រាន់ស៊ីស្កូ, ញូវយ៉ក, ស៊ីថលថល និងដាឡាស។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏នឹងអាចតភ្ជាប់ទៅកាន់ទីក្រុង Vancouver, Montreal និង Toronto ក្នុងប្រទេសកាណាដា ផងដែរ។

លក្ខន្តិកៈដែលបានចូលជាធរមាន កាលពីថ្ងៃទី ២៦ ខែសីហា នោះ បានគ្របដណ្តបទៅលើការដឹកជញ្ជូនតាមផ្លូវអាកាស ទាំងទៅមក រវាងទីក្រុងវៀតណាម និងអាមេរិកខាងជើង។ ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ ថាតើជើងហោះហើរទាំងនោះ នឹងមិនឈប់ ឬក៏នឹងឆ្លងកាត់ តាមទីក្រុងតៃប៉ិ កោះតៃវ៉ាន់, អូសាកា និងណាហ្គូយ៉ា ប្រទេសជប៉ុន ឬយ៉ាងណានោះទេ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ បានបញ្ជាក់ពីការយល់ព្រម កាលពីថ្ងៃព្រហស្បតិ៍ ដោយបានហៅការហោះហើរនេះថា ជា“ ការផ្លាស់ប្តូរដ៏សំខាន់មួយរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ក្នុងការរៀបចំផែនការរបស់ខ្លួន ដើម្បីហោះហើរទៅកាន់សហរដ្ឋអាមេរិក ក្នុងពេលខាងមុខនេះ” ។

យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិក កាលពីខែកុម្ភៈ កន្លងទៅនេះ​ បានផ្តល់ចំណាត់ថ្នាក់ដល់ប្រទេសវៀតណាម ជាប់ «ចំណាត់ថ្នាក់ ១» មានន័យថា ក្រុមហ៊ុនអាកាសចរណ៍ មកពីប្រទេសនេះ អាចហោះហើរទៅកាន់សហរដ្ឋអាម៉េរិក បាន។

ក្រុមហ៊ុនអាកាសចរណ៍ថ្មីបំផុតរបស់វៀតណាមឈ្មោះ Bamboo Airways ក៏បាននិយាយថាខ្លួនគ្រោងនឹងហោះហើរទៅកាន់សហរដ្ឋអាមេរិក នៅចុងឆ្នាំនេះ។ ស្របគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ VietJet ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនផងដែរ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print