ភ្នំពេញ៖ តារាប្រុសស្រីល្បីឈ្មោះពីកម្ពុជាជាច្រើនរូប គ្រោងនឹងចាកចេញពីកម្ពុជាទៅកាន់ទឹកដីនៃប្រទេសកូរ៉េខាងត្បូងក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បីចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំមួយនៅទីក្រុងអាន់សាន់។ ជាព្រឹត្តិការណ៍កម្សាន្តនិងជំនួបជុំពលករពីកម្ពុជាដ៏ធំនៅទីនោះផងដែរ។
តារាចម្រៀងទាំងនោះរួមមាន លោកព្រាប សុវត្តិ និងកូនប្រុសទាំង៣ លោក ខេម កញ្ញា អ៊ីវ៉ា លោក អូន លោក វណ្ណដា លោក ប៉ែន ចំរ៉ុង លោក គូម៉ា លោក Tempi Tris ក្រុមតន្ត្រី ចចកសមុទ្រ និងសិល្បករមួយចំនួនទៀត។
កម្មវិធីនេះត្រូវបានគេដឹងដែរថានឹតត្រូវធ្វើឡើងនៅទីក្រុងអាន់
សាន់នាកីឡាដ្ឋានអ៊ុនណូរី និងរៀបចំផលិតដោយក្រុមហ៊ុនឡេងណាវ៉ាត្រា។ នេះមិនមែនជាព្រឹត្តិការណ៍ដំបូងទេដែលសិល្បករពីកម្ពុជាបានទៅបង្ហាញមុខ និងជួបជុំពលករកម្ពុជារស់នៅប្រទេសកូរ៉េ។ អ្នកផលិតកម្មវិធីបានលើកឡើងថា ព្រឹត្តិការណ៍លើកនេះនឹងកាន់តែធ្វើឲ្យសប្បាយរីករាយ និងកក្រើកជាងឆ្នាំមុនៗដោយមិនតម្រូវឲ្យសិល្បករបកស្រាយចម្រៀង ដោយការចាក់សាច់ភ្លេងទៀតទេ។
លោកថាការប្រគំតន្ត្រី Live Band និងចាក់ភ្លេង មានភាពរស់រវើកមិនដូចគ្នាទេ ដោយការប្រគំតន្ត្រីមានភ្លេង នឹងជួយឲ្យការសម្ដែងរបស់ក្រុមសិល្បករ និងពិធីករ មានភាពរលូន និងទាក់ទាញជាងឆ្នាំមុនៗ៕ ដោយ វឌ្ឍនា