ខេត្តកំពង់ចាម ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួនតាមដីកា ដោយកម្លាំងនគរបាលស្រុកពញាក្រែក សហការជាមួយនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលវាលម្លូរ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ វេលាម៉ោង១៤៖៤០នាទី ពាក់ព័ន្ធពីបទលួច ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ។
ជនត្រូវចោទឈ្មោះ ឈាង សុផល ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិ បឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ជននេះបាននាំខ្លួនមកកាន់អធិការស្រុកពញាក្រែក ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត ។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញដោយលោក ស៊ុយ សុភា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាមបានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ ៤០៦ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ។ ជននេះត្រូវចោទប្រកាន់ពីបទ លួច ដែលបានប្រព្រឹត្តនៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ ។ ដូច្នេះមន្ត្រី និងភ្នាក់ងារនគរបាលយុត្តិធម៌ ត្រូវអនុវត្តដីកានេះឲ្យបានសម្រេចតាមច្បាប់ ៕ ដោយ ៖ វណ្ណៈ