ភ្នំពេញ៖ ទន្ទឹមនឹងការអបអរសាទរ គាំទ្រយ៉ាងខ្លាំងពីមជ្ឍដ្ឋានប្រជាពលរដ្ឋ ដល់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី មិនឲ្យក្រុមហ៊ុនវិនិយោគយកប្រាក់ពីប្រជាពលរដ្ឋឆ្លងកាត់ផ្លូវវេងស្រេងនោះ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ប្រជាពលរដ្ឋរស់នៅម្ដុំជម្ពូវ័ន ក្នុងខណ្ឌពោធិ៍សែនជ័យ ក្បែរបញ្ជរបង់ប្រាក់ ផ្លូវជាតិលេខ៤ មានក្ដីរំភើប ខណៈសម្ដេចមានប្រសាសន៍ថា នឹងបញ្ឈប់ឲ្យយកលុយពីពួកគាត់ឆ្លងកាត់កន្លែងនេះ ទៅកាន់ស្រែចំម្ការនោះ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ គ្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ បានមានប្រសាសន៍ថា ទាក់ទិននឹងផ្លូវជាតិលេខ៤ បញ្ហានៅត្រង់ប្រជាពលរដ្ឋដែលរស់នៅម្ដុំជម្ពូវ័ន ឬនៅជិតៗនោះ គាត់ចង់ទៅមើលចម្ការរបស់គាត់ នៅខាងអង្គស្នួល ឬសំរោងទង។ នៅពេលទៅគាត់ត្រូវបង់លុយ ដល់ពេលត្រឡប់មកវិញត្រូវបង់លុយមួយលើកទៀត។ ដល់ពេលយូរទៅ ការទៅចម្ការ មើលស្រែ លែងមានពេលទៅមើល ព្រោះទៅចង់មកវិញបង់លុយ។ អ្នកដែលនៅជិតកន្លែងបង់លុយទៅលែងចង់ទៅមកហើយ ព្រោះទៅបង់មកបង់លុយ។
ដោយយល់ឃើញថា ប្រជាពលរដ្ឋនឹងត្រូវចំណាយប្រាក់ក្នុងការធ្វើដំណើរឆ្លងកាត់ទៅមើលស្រែចម្ការ ទើបសម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា “ឲ្យធ្វើស្ថិតិចំពោះអ្នកដែលរស់នៅជិតៗ ក្នុងការចេញចូលឆ្លងកាត់អត់ត្រូវយកលុយទេ។ ប៉ុន្តែក្នុងករណីការធ្វើដំណើរ ផ្លូវវែង ពីភ្នំពេញទៅក្រុងព្រះសីហនុ, ភ្នំពេញកោះកុង គឺត្រូវតែបង់លុយហើយ។”
សម្ដេចបានបញ្ជាឲ្យរៀបចំកិច្ចការនោះ ដើម្បីពិនិត្យមើលចំពោះគោលនយោបាយដែលប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវនៅជិតៗនោះ។ ដោយសម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា សម្ដេចបានទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ហើយតាមរយៈប្រព័ន្ធទំនាក់ទំនងបណ្ដាញសង្គមដែលប្រជាពលរដ្ឋ បានផ្ញើទៅជូនសម្ដេច។ ក្នុងនោះស្ដេចថែមទាំងមានប្រសាសន៍លើកឡើងទៀតថា “ ខ្ញុំមិនមែនជានាយករដ្ឋមន្ដ្រីហ្វេសបុកទេ ក៏ប៉ុន្តែខ្ញុំចង់ទទួលព័ត៌មានពីគ្រប់មជ្ឍដ្ឋានគ្រប់ប្រភពទាំងអស់…។ ផ្លូវជាតិលេខ៤ ត្រូវមានដំណោះស្រាយសមស្រប សម្រាប់ប្រជាពលរដ្ឋដែលរស់នៅសងខាងបញ្ជរបង់ប្រាក់។”
នេះជាសារថ្មីមួយទៀត របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ចំណងដៃជូនប្រជាពលរដ្ឋ ដែលរស់នៅម្ដុំបញ្ជរបង់ប្រាក់ផ្លូវជាតិលេខ៤ សម្រាប់ចុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦នេះ ធ្វើឲ្យប្រជាពលរដ្ឋ បានគាំទ្រ ចំពោះការជួយសម្រួលដល់ប្រជាពលរដ្ឋ៕
ដោយ៖ សុខ ខេមរា