ភ្នំពេញ៖ បុរសម្នាក់បានដេកស្លាប់ ចោលប្រពន្ធនិងកូនបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០០និង៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នៅបន្ទប់ជួល ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់ពីប្រពន្ឋដាស់មិនកម្រើក។
ជនរងគ្រោះឈ្មោះ ម៉ៅ សំអឿន អាយុ២២ឆ្នាំ មុខរបរលក់គ្រឿង ហូបចុកតាមរទេះរុញមានស្រុក កំណើតនៅ ភូមិព្រៃរន្ទះ ឃុំព្រែករន្ទះ ស្រុកពោធិរៀង ខេត្តព្រៃវែង ប្រពន្ធឈ្មោះអ៊ុក រដ្ឋា អាយុ២៦ឆ្នាំ មានកូនស្រីម្នាក់ អាយុ៤ឆ្នាំ។
ស្រី្តជាប្រពន្ធសាកសពបានឲ្យដឹងថា ពួកគាត់បានចាកចេញពីស្រុកកំណើត មកប្រកបមុខរបរលក់ដូរ និងជួលបន្ទប់នៅកន្លែងកើតហេតុជាងពីរឆ្នាំមកហើយ។ក្នុងរយៈ ប៉ុន្មានថ្ងៃមកនេះ ប្តីរបស់គាត់ចេះតែ ត្អូញត្អែរប្រាប់ថា គាត់ចេះតែឈឺស្មាខាងឆ្វេង ពិបាកក្នុងការអូសរទេះដើរលក់គ្រឿងហូបចុកតាមរទេះណាស់ តែដោយ សារជីវភាពក្រក្រីពេក ក៏ចេះតែទ្រាំទៅព្រោះតែជីវភាពគ្រួសារ ។
ស្រី្តរូបនេះបន្តថា លុះមកដល់យប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ ប្តីរបស់គាត់បានត្រឡប់មកពីលក់វិញ ក៏បានរៀបចំនិងទុកដាក់ ឥវ៉ាន់ដូចរាល់ដងហើយ បាននាំគ្នាចូលទៅសម្រាកយកកម្លាំង។ រហូតមកដល់ម៉ោង ០០និង៥០នាទីរំលងអធ្រាត្រ គាត់បានយកដៃស្ទាបដើមទ្រូងប្តី ពុំឃើញដកដង្ហើមនឹកថាគាត់អស់កម្លាំងខ្លាំងក៏បានហៅឲ្យក្រោកដើម្បី កោសខ្យល់ដើម្បីអោយបានធូរ តែអង្រួនយូរទៅអត់ឃើញកម្រើកទើបដឹងថាប្តីស្លាប់បាត់ទៅហើយក៏មានការភ្ញាក់ផ្អើល ស្រែកហៅអ្នកជិតខាងឲ្យជួយនិងបានរាយការណ៏ ដល់សមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយជំងឺខ្យល់គរ ៕
ដោយ៖ ប្រាថ្នា