លោករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញ ក្នុងពិធីប្រកាសជ័យលាភីការប្រកួតប្រជែងសាលាមេត្រីបរិស្ថានថ្នាក់ជាតិ ឆ្នាំ២០១៩

ចែករំលែក៖

 

ភ្នំពេញ៖ សាលាបឋមសិក្សានិងមធ្យមសិក្សាចំនួន៦ក្នុងចំណោមសាលាចំនួន ១៨ ដែលចូលរួមប្រកូតប្រជែងបានទទួលជ័យលាភីសាលាមេត្រីបរិស្ថានពីក្រសួងបរិស្ថាន ហើយពិធីប្រកាសជ័យលាភីការប្រកួតប្រជែងសាលាមេត្រីបរិស្ថានថ្នាក់ជាតិ ឆ្នាំ២០១៩ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៩ នៅទីស្តីការ ក្រសួងបរិស្ថានក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងក្រសួងអប់រំយុវជននិងកីឡា និងតំណាងសាលានានាដែលបានចូលរួមប្រកួត។
សាលាជ័យលាភីទាំង ៦ នោះរួមមាន១)-សាលាបឋមសិក្សាស្វាយជ្រំ មកពីខេត្តស្វាយរៀង ទទួលបានចំណាត់ថ្នាក់កម្រិតមាស ២)-សាលាបឋមសិក្សាគិរីសុវណ្ណវង្សមកពីខេត្តកំពង់ឆ្នាំង  ទទួលបានចំណាត់ថ្នាក់កម្រិតប្រាក់ ៣)-សាលាបឋមសិក្សា ហ៊ុន សែន ឬស្សីជ្រោយ ទទួលបានចំណាត់ថ្នាក់កម្រិតសំរឹទ្ធ ៤)-វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ មកពីខេត្តឧត្តមានជ័យ ទទួលបានចំណាត់ថ្នាក់កម្រិតមាស ៥)-វិទ្យាល័យ ២៨ មករា មកពីខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់កម្រិតប្រាក់ ៦)-វិទ្យាល័យពេជ្រចិន្តា មកពីខេត្តបាត់ដំបង ទទួលបានចំណាត់ថ្នាក់កម្រិតសំរឹទ្ធ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ៖ក្នុងនាមក្រសួងបរិស្ថាន សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួល កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងក្របខ័ណ្ឌការងារអប់រំ ការងារបណ្តុះ បណ្តាល ការសិក្សាស្រាវជ្រាវ និងការងារផ្តល់សេវាពិគ្រោះយោបល់ លើ វិស័យបរិស្ថាន ជាពិសេស ក្រុមការងារមកពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មការវាយតម្លៃសាលាមេត្រីបរិស្ថាន ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើររហូតទទួលបាន លទ្ធផលជាផ្លែផ្កាគួរឱ្យកត់សំគាល់ និងសូមកោត សរសើផងដែរ ចំពោះសាលាបឋមសិក្សា និងមធ្យមសិក្សា ដែលបានចូលរួម ក្នុងចលនាប្រឡងប្រជែង មេត្រីភាពបរិស្ថាន។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖«គំនិតផ្តួចផ្តើមនេះ ជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់ សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹងនិងចំណេះធ្វើក្នុងចំណោមកុមារសិស្សានុសិស្ស និងយុវជន នៅតាមសាលារៀន និងគ្រឹះស្ថានអប់រំ ដែលជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូទម្លាប់ ផ្នត់គំនិត និងឥរិយាបទរបស់កុមារ និងយុវជនចំពោះអនាម័យ និងបរិស្ថាន»។
លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ចលនាសាលាមេត្រីបរិស្ថានកម្ពុជា ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា លើការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន និងការជំរុញប្រតិបត្តិមេត្រីភាពបរិស្ថាន សំដៅគាំទ្រដល់កិច្ចគាំពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅ ដោយចីរភាព។ លោកស្រីបានថ្លែងថា ចលនាសាលាមេត្រីបរិស្ថានកម្ពុជា មិនត្រឹមតែជំរុញឱ្យ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រតិបត្តិមេត្រីភាពបរិស្ថាន តែក្នុងបរិវេណសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តនៅក្នុង សហគមន៍ជុំវិញ សាលារៀនផងដែរ ដោយចាំបាច់ត្រូវមានកិច្ចសហការពីអាណាព្យាបាលសិស្ស អាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធក្នុងសហគមន៍ទាំងអស់ស្របតាមលក្ខខណ្ឌវិនិច្ឆ័យ៤ចំណុចនៃសាលាមេត្រីបរិស្ថាន។
លក្ខខណ្ឌវិនិច្ឆ័យទាំង ៤ ចំណុននៃសាលាមេត្រីបរិស្ថានរួមមាន ទី១) មានគោលការណ៍និងរដ្ឋបាល របស់សាលាលើការងារបរិស្ថាន ទី២) មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថានក្នុងសាលា និងសហគមន៍ជុំវិញ (ជាកម្មវិធីសិក្សាបន្ថែម ឬបញ្ជ្រាប) ទី៣)មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធនានានិងការប្រតិបត្តិបរិស្ថាន ទី៤) មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធនិងការផ្សព្វផ្សាយតាមសហគមន៍។ លោក ទន់ សាអ៊ីម បានថ្លែងថា ការចូលរួមរបស់សហគមន៍ អាជ្ញាធរមូលដ្ឋាន និងជាពិសេសអាណាព្យាបាលសិស្សានុសិស្ស ក្នុងចលនា សាលា មេត្រីបរិស្ថាន ជាកត្តាចាំបាច់ និងមានសារសំខាន់បំផុត ព្រោះថាតួអង្គទាំងអស់នេះសុទ្ធតែមានអន្តរអំពើទៅវិញទៅមក។ អន្តរអំពើ នៅត្រង់ថាសាលារៀនពឹងអាណាព្យាបាលសិស្សដើម្បីនាំកូនមករៀន ចំណែកអាណាព្យាបាលសិស្សពឹងសាលារៀន ដើម្បីឱ្យកូនបានសិក្សានូវទទួលចំណេះដឹងទៅអនាគត សម្រាប់បុព្វហេតុអភិវឌ្ឍសហគមន៍ និងសង្គមជាតិទាំងមូល។ ដូចនេះ សាលារៀនចាំបាច់ត្រូវសហការជិតស្និតជាមួយអាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធដ៏ទៃទៀតក្នុងសហគមន៍របស់ខ្លួន ដូចជាវត្តអារ៉ាម ក្រុមប្រឹក្សាឃុំ-សង្កាត់ និងអាជ្ញាធរដែនដី ដើម្បីធានាឱ្យបាននូវការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ដូចនឹងទិសស្លោកថា «ទាំងអស់គ្នាដើម្បីបរិស្ថាន បរិស្ថានដើម្បីទាំងអស់គ្នា»។
ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើការវាយតម្លៃខ្ពស់ចំពោះសាលាបឋមសិក្សា និងមធ្យមសិក្សាដទៃទៀត ដែលបានចូលរួម ក្នុងការប្រកួតប្រជែងថ្នាក់ជាតិនៅឆ្នាំ២០១៩ នេះ បើទោះបីជាមិនបានជាប់ជាជ័យលាភី ប៉ុន្តែបានបង្ហាញពីឆន្ទៈ និងភាពជាអ្នកដឹកនាំគំរូសំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវសាលាអនុវត្តតាមស្តង់ដាសាលាមេត្រីបរិស្ថាន ដោយបានគូសបញ្ជាក់ថា៖ «ខ្ញុំមានជំនឿជឿជាក់ថាដ៏រាបណាយើងនៅមានក្តីសង្ឃឹម និងដាក់គោលដៅឱ្យបានច្បាស់
លាស់ នោះនៅឆ្នាំបន្តបន្ទាប់ប្រាកដជាទទួលបានជ័យលាភីជាក់ជាពុំខាន។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងសាលាមេត្រីបរិស្ថាន ពុំមែនជាការបន្តុះបង្អាប់ចំពោះ សាលារៀនដែលមិនមែនជាជ័យលាភីនោះទេ ប៉ុន្តែជាការជំរុញ និងលើកទឹកចិត្តដល់សាលារៀនទាំងអស់បន្ត វប្បធម៌ស្រឡាញ់ ថែរក្សា និងគាំពារបរិស្ថាន ហើយក៏ជាឱកាសចែករំលែកបទពិសោធន៍ និងរៀនសូត្រឧត្តមានុវត្តពីគ្នាទៅវិញទៅមកផងដែរ»។
លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា សម្រាប់ការប្រកួតប្រជែងថ្នាក់ជាតិនៅឆ្នាំក្រោយៗទៀត នឹងមានការចូលរួមពីគ្រឹះ ស្ថាន អប់រំ ទាំងសារធារណៈនិងឯកជន កាន់តែច្រើនថែមទៀត ដើម្បីជំរុញ និងលើកកម្ពស់ការយល់ដឹងពីវិស័យបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ដែលបានចូលរួមគាំទ្រលើការងារបរិស្ថានកន្លងមក និងសូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ទាំងដៃគូធ្លាប់គាំទ្រ និងដៃគូមិនទាន់គាំទ្រ ពិចារណាគាំទ្រដល់ការកសាងធនធានមនុស្សលើវិស័យបរិស្ថានជាអាទិភាព ហើយបន្តការគាំទ្រ និងចូលរួមទាំងអស់គ្នាជាមួយក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបុព្វហេតុបរិស្ថានល្អប្រសើរនៅកម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា គោលបំណងរបស់យើងទាំងអស់គ្នាដែលខិតខំប្រឹងប្រែងបំពេញការងារដោយមិនខ្លាចនឿយហត់នៅពេលនេះគឺដើម្បីក្តាប់មកវិញនូវមោទនភាពជាតិ និងការកសាងជាតិទំនើបមួយ ដ៏រស់រវើក ក្នុងសេចក្តីប៉ងប្រាថ្នា ប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ រឹងមាំ សង្គមយុត្តិធម៌ ពលរដ្ឋមានសមត្ថភាព និង បរិស្ថានរស់នៅល្អប្រសើរ។ ដឹកនាំ និងគ្រប់គ្រង កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិ ឱ្យបាន សមស្របនិងមាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោន៍យូរអង្វែង របស់ ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ ជំនាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print