ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅវេលាម៉ោង ១ និង៤៥នាទីរសៀល ថ្ងៃ ពុធ ១៣កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ស្ថិតនៅម្ដុំគល់ស្ពានកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដាធូដេ ពណ៌ត្រួយចេក ស្លាកលេខ 1AB-7712 មានកាបូបស្ពាយមួយដាក់ពីមុខមិនដឹងថាមានរឿងអីស្រាប់តែឈប់ម៉ូតូនៅកន្លែងកើតហេតុរួចយកសាំង ដុតកាបូបនិងដុតខ្លួនឯង បណ្តាលឲ្យរលួយស្បែក(មិនស្លាប់)ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាម។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុយុវជនរូបនេះដែលគេស្គាល់ឈ្មោះភឿក ទូច កើតឆ្នាំ១៩៩៤ រស់នៅភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ យុវជននេះបានជិះម៉ូតូមកអង្គុយសំកុក ក្រោមដើមគគីរ១ដើមយ៉ាងយូរ ទើបងើបទៅយកឯកសារដែលនៅក្នុងកាតាបស្ពាយរបស់គាត់មកដុតបំផ្លាញចោលអស់ ទើបឈានទៅដុតខ្លួនឯងនិងម៉ូតូ បន្តតាមក្រោយ បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋពេញលើស្ពានកោះពេជ្រ ដោយពួកគេបាននាំគ្នារត់ចុះទៅជួយពន្លត់ភ្លើង រួចបានទាក់ទងទៅរថយន្តសារមុយដឹកយកទៅមន្ទីរពេទ្យ សង្គ្រោះជីវិតភ្លាមៗ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ដើម្បីទទួលយកម៉ូតូ និងសម្ភារៈផ្សេងៗរបស់ជនរងគ្រោះមករក្សាទុក នៅអធិការខណ្ឌចំការមន រង់ចាំក្រុមគ្រួសារយកឯកសារមកគ្រប់គ្រាន់ សមត្ថកិច្ចនឹងប្រគល់ឲ្យទៅវិញ។ ចំពោះរឿងរ៉ាវយ៉ាងណាដែលផ្ដើមឲ្យមានការប៉ុនប៉ងធ្វើអត្តឃាតកណ្ដាលថ្ងៃបែបនេះ សមត្ថកិច្ចនៅមិនទានបញ្ជាក់បានទេ ដោយសារជនរងគ្រោះស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ។ ឯមតិខ្លះសង្ស័យថា យុវជនរូបនេះបានប្រលងធ្លាក់បាក់ឌុបទើបកើតមានសេចក្ដីតូចចិត្តខ្លួនឯងគិតខ្លីបែបនេះ៕ ស រស្មី