រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក Al Malki បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្ម ទៅលើប្រទេសអ៊ីស្រាអែល ក្រោយពេលនាយរដ្ឋមន្ត្រី អ៊ីស្រាអែល បានប្រើប្រាស់ ការបោះឆ្នោត ដើម្បីពង្រីកទឹកដី ដែលបានដណ្តើមគ្រប់គ្រងពីប៉ាឡេស្ទីន។
លោក Reyad al-Malki បានលើកឡើងពីការអំពាវនាវខាងលើ ដល់ អង្គការសហប្រជាជាតិ ក្នុងពេលដែល លោក ជួបពិភាក្សាជាមួយសមភាគី ប្រទេស Luxembourg លោក Jean Asselborn នៅក្នុងទីក្រុងRamallah ។ តាមការលើកឡើងរបស់លោក Reyad al-Malki ការប្រកាសរបស់នាយករដ្ឋមន្ត្រី ណេតាន់យ៉ាងហូ គឺជាការយកចំណេញនយោបាយ ក៏ដូចជាចេតនាពង្រីកទឹកដី ។
ប្រទេសតំបន់អារ៉ាប់បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាហូ ប្រកាសថា ប្រសិនបើលោកជាប់ឆ្នោតជាថ្មីនោះ លោកនឹង ដាក់បញ្ចូលតំបន់ជ្រលងភ្នំដាក់ស្រយាល់ របស់ហ្ស៊កដង់ ជាផ្នែកមួយនៃទឹកដីអីស្រាអែលនៅភាគខាងលិច។ សកម្មភាពខាងលើត្រូវបាន អារ៉ាប់ចោទថាជាការបង្កឲ្យមានភាពតានតឹង ដើម្បីគេងចំណេញនយោបាយមុនពេលបោះឆ្នោត។
បណ្តារដ្ឋមន្ត្រីការបរទេសអារ៉ាប់ បានថ្កោលទោសយ៉ាងខ្លាំងចំពោះ នាយករដ្ឋមន្ត្រី ណេតាន់យ៉ាងហូ ដោយចាត់ទុកថាជា ការគំរាមកំហែងដល់សន្តិភាពជាមួយប៉ាឡេស្ទីន។ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីអីស្រាអែល កើតឡើង ក្នុងពេលដែលលោកំពុងតែឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ១២០រូប នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តី លោក ណេតាន់យ៉ាងហូ បញ្ជាក់ ថា «តំបន់ភ្នំហ្ស៊ក់ ដង់ គឺជា ព្រំដែនភាគខាងកើត របស់យើង ជាជញ្ជាំងការពារយើង »។ ក្រោយការប្រកាសរបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Shtayyeh បានលើកឡើងថាជាសកម្មភាពបំផ្លាញដំណើរការសន្តិភាពនៅក្នុងតំបន់។
តំបន់ដាច់ស្រយាល ហ្ស៊ក់ដង់ មានផ្ទៃដី៦០ភាគរយ ស្ថិតនៅតំបន់ភាគខាងលិច ។ តំបន់នោះបានធ្លាក់ចូលក្នុងដៃ អ៊ីស្រាអែលតាំងពីឆ្នាំ១៩៦៧ ក្រោយសង្គ្រាមអូសបន្លាយ៦ថ្ងៃ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន៕
ដោយ៖ មែវ សាធី