រន្ធត់ណាស់ប្តីប្រពន្ធ២នាក់ត្រូវរថយន្តបុកស្លាប់ រួចរថយន្តបង្កគេចខ្លួនបាត់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចន្លោះបង្គោលគីឡូម៉ែត្រ លេខ២០-២១ ត្រង់ចំណុចលូបាក់ក្នុងភូមិសាស្រ្តភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស បណ្តាលឲ្យប្តីប្រពន្ធ២នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ។

ប្រភពព័ត៌មានពីនគរបាលចរាចរស្រុកទឹកផុសបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងម៉ូតូសណ្តោងរ៉ឺម៉កបើកចេញពីទិសខាងលិចទៅកើត បើកបរដោយឈ្មោះ គង់ សេន ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភ្នំពេញ ស្នាក់នៅបណ្តោះអាសន្នភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ឌុបប្រពន្ធពីក្រោយឈ្មោះ សួង សារ៉េត អាយុ ៥៧ឆ្នាំ នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ពេលបើកមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្ត១គ្រឿងពុំស្គាល់ម៉ាក បានបុកម៉ូតូពីក្រោយ បណ្តាលឲ្យម៉ូតូខ្ទាតធ្លាក់ចេញពីជាយផ្លូវស្លាប់ទាំង២នាក់ប្ដីប្រពន្ធតែម្តង។

ក្រោយពេលកើតហេតុរថយន្តបង្កបានបើករត់គេចខ្លួនបាត់ បានបន្សល់ទុកបំណែករថយន្ត១បន្ទះ ពណ៌ឈាមជ្រូក។ រីឯសាកសពត្រូវបងប្អូនយកទៅភ្នំពេញ ធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក វត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីកសាងសំណុំរឿងតាមនីតិវិធីពេលក្រោយ ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print