ខេត្តព្រះវិហារ ៖ កសិដ្ឋានចិញ្ចឹមជ្រូកសត្វជ្រូកប្រមាណជាង៣ពាន់ក្បាលមួយកន្លែងឋិតក្នុងភូមិស្រែព្រាង ឃុំប្រមេរ ស្រុកត្បែងមានជ័យ ដែលកំពុងរងការការគំរាមកំហែងដោយទឹកទឹកជំនន់ ត្រូវបាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយអាជ្ញាធរស្រុកត្បែងមានជ័យជួយសង្គ្រោះនាំទៅកាន់ទីទួលសុវត្ថិ ភាពជាបណ្តោះអាសន្ន ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានឲ្យដឹងថា រយៈពេល២ថ្ងៃនេះ មន្ទីរជំនាញបានសហការជាមួយកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរស្រុកត្បែងមានជ័យ ជួយសង្គ្រោះភ្លាមៗដល់កសិដ្ឋាន ចិញ្ចឹមជ្រូកមួយកន្លែង ស្ថិតក្នុងភូមិស្រែព្រាង ឃុំប្រមេរ ស្រុកត្បែងមានជ័យ ដោយគិតមកដល់ថ្ងៃទី១០ កញ្ញា នេះ សត្វជ្រូកចំនួនជាង២ពាន់ក្បាល ដែលរងការលិចលង់ដោយជំនន់ទឹកស្ទឹងសែនថ្មីៗនេះ បានជួយសង្គ្រោះមកកាន់ទីសុវត្ថិភាព នឹងសត្វជ្រូកមួយចំនួនទៀត បានដឹកទៅចែកចាយតាមបណ្តាខេត្ត តាមទីសត្តឃាតផ្សេងៗ ។
លោកប្រធានមន្ទីរមានប្រសាសន័ថា ជ្រូកមួយចំនួនត្រូវបានបាត់ទៅតាមទឹក ខណៈដែលក្រុមការងារជួយសង្គ្រោះដឹកតាមទូក មកកាន់ទីសុវត្ថិភាពហើយជ្រូកបានលោតចុះពីលើទូកអណ្តែតទៅតាមទឹកមួយចំនួន ។ ដោយឡែកនៅសល់ជ្រូក២រោងទៀតមានចំនួន១២០០ក្បាល ក្នុងកសិដ្ឋាន ដដែល មិនទាន់បានសង្គ្រោះនោះទេ ព្រោះទឹកពុំទាន់លិចដល់រោងនៅឡើយ តែលោកថា គិតមកដល់ពេលនេះទឹកបានស្រកបន្តិចម្តងៗហើយ ។ រហូតមកដល់ព្រឹកថ្ងៃទី១១ កញ្ញា មិនទាន់ដឹងពីចំនួនជ្រូកពិតប្រាកដដែលបាត់ពីកសិដ្ឋាននៅឡើយទេ ។ អាចមានបាត់បង់ខ្លះ ដែលវាងាប់ដោយឈ្លក់ទឹក និងលោតចេញពីទូកអណ្តែតទៅតាមទឹក ប៉ុន្តែមិនច្រើនពេកទេ ។
លោក នន់ វណ្ណី ជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក បានសម្តែងការរីករាយ និងអរគុណដល់មន្ទីរជំនាញ និងអាជ្ញាធរស្រុកត្បែងមានជ័យ ដែលបានជួយអន្តរាគមន៍សង្គ្រោះ សត្វជ្រូករបស់គាត់ទាន់ពេលវេលា ឲ្យរួចផុតពីការលិចលង់ដោយមហន្តរាយទឹកជំនន់នេះ ជាពិសេសចៀសផុតពីការខាតបង់ដ៏ធ្ងន់ធ្ងរ ។
យ៉ាងណា គិតមកដល់ថ្ងៃទី១២ កញ្ញា នេះ កម្ពស់ទឹកស្ទឹងសែនបានស្រកចុះខ្លាំងដែលសង្ឃឹមថានឹងស្រកអស់ក្នុងរយៈពេល២-៣ថ្ងៃខាងមុខនេះ ៕
ដោយ៖ ប្រាថ្នា