កូរ៉េខាងជើង និងអ៊ីរ៉ង់ គឺជាស្ត្រូវរបស់អាមេរិកដូចគ្នា ប៉ុន្តែពេលនេះទំនាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងអាមេរិកខុសគ្នាទាំងស្រុង ដោយកូរ៉េខាងជើង កំពុងតែមានទំនាក់ទំនងល្អប្រសើរ ដោយគ្រោងជួបពិភាក្សាជាលើកទី៤។
ចំណែកអ៊ីរ៉ង់វិញកំពុងប្រឈម នឹងការផ្ទុះសង្គ្រាមជាមួយអាមេរិក ក្រោយពេលមន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ការវាយប្រហារលើមូលដ្ឋានប្រេងរបស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ទំនងជាស្នាដៃរបស់អ៊ីរ៉ង់ ហើយអាវុធដែលត្រូវបានប្រើប្រាស់គឺមិនមែនដ្រូនឡើយ តែអាចជាមីស៊ីលចង្អុលទិសទៅវិញ។
មន្រ្តីអាមេរិកខាងលើបានលើកឡើងថា យោងតាមភស្តុតាងនៅកន្លែងកើតហេតុ ទិសដៅនៃប្រភពវាយប្រហារ គឺចេញមកពីម្តុំៗតំបន់ខាងលើអារ៉ាប៊ីសាអូឌីត រួមមានអ៊ីរ៉ាក់ និងអ៊ីរ៉ង់ មិនមែនចេញមកពីភាគខាងត្បូង ដែលជាប្រទេសយេម៉ែននោះឡើយ។ បើតាមមន្រ្តីអាមេរិករូបនោះ អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានក៏អះអាងដែរថា ពួកគេទំនងជាបានឃើញសញ្ញានៃការប្រើប្រាស់មីស៊ីលចង្អុលទិស នៅក្នុងការវាយប្រហារនោះ។
មន្រ្តីអាមេរិកក៏បានចោទប្រកាន់ចំៗតែម្តងថា គ្មាននរណាផ្សេងឡើយក្រៅពីអ៊ីរ៉ង់ ដែលនៅពីក្រោយរឿងនេះ ខណៈអ៊ីរ៉ង់បានចេញមុខទាត់ចោលការចោទប្រកាន់។ កាលពីប៉ុន្មានខែកន្លងទៅ សម្រាប់ករណីវាយប្រហារលើកប៉ាល់ដឹកប្រេង នៅដែនសមុទ្រនៃតំបន់មជ្ឈិមបូព៌ា ទីក្រុងវ៉ាស៊ីនតោនក៏បានចោទប្រកាន់ថា ជាទង្វើរបស់ទីក្រុងតេហេរ៉ង់ដូចនេះដែរគឺភ្លាមៗបន្ទាប់ពីបញ្ហាកើតឡើងតែម្តង។
ចំណែកកូរ៉េខាងជើង វិញទំនាក់ទំនងជាមួយអាមេរិកកំពុងតែល្អប្រសើរក្រោយមេដឹកនាំប្រទេសទាំងពីរមានគម្រោងជួបពិភាក្សា ក្នុងពេលឆាប់ៗ។ អ្វីដែលគួរឲ្យចាប់អារម្ភនោះគឺ ទំនាក់ទំនងបុក្គល លោកត្រាំ និងគីមជុងអ៊ុន ល្អប្រសើរនិងគ្នា។កន្លងមកមេដឹកនាំកូរ៉េខាងជើង សរសេរលិខិតអញ្ជើញ លោក ដូណាល់ ត្រាំ ទៅទស្សនកិច្ចទីក្រុង ព្យុងយ៉ាង
នៅក្នុងលិខិតដែលមេដឹកនាំកូរ៉េខាងជើង ផ្ញើទៅជូនលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីខែសីហា កន្លងមក តែរហូតមកដល់ពេលនេះ ត្រូវបានលាតត្រដាងជាសាធារណៈហើយ។
សារព័ត៌មាន Joongang Ilbo នៅថ្ងៃទី១៦ ខែកញ្ញា បានផ្សាយថា មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន បានសរសេរលិខិតមួយផ្ញើទៅជូនលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីខែសីហាកន្លងមក ដោយមានខ្លឹមសារ អញ្ជើញប្រធានាធិបតីអាមេរិក ទៅបំពេញទស្សនកិច្ច នៅក្នុងទីក្រុងព្យុងយ៉ាង។
រហូតមកដល់ពេលនេះ ទាំងភាគីកូរ៉េខាងជើង ក៏ដូចជា អាមេរិក មិនមានប្រតិកម្មអ្វីជុំវិញព័ត៌មានខាងលើនៅឡើយ។ រីឯមេដឹកនាំប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា រយៈពេលខ្លី នៅតំបន់ព្រំដែនគ្មានយោធា ពុះចែកកូរ៉េទាំងពីរ កាលពីថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០១៩។
កាលពីខែសីហា កន្លងមកនេះ មេដឹកនាំកូរ៉េខាងជើង បានសន្យាថា នឹងឈប់សាកល្បងកាំជ្រួចមីស៊ីល នៅពេលអាមេរិក និងកូរ៉េខាងត្បូង ឈប់ធ្វើសមយុទ្ធរួមគ្នា។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង តែងតែចោទប្រកាន់ការធ្វើសមយុទ្ធ រវាងអាមេរិក និងកូរ៉េខាងត្បូងថា អាមេរិកមានបំណងឈ្លានពានទឹកដីកូរ៉េខាងជើង។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩កន្លងមកនេះ កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលជាថ្មី ក្រោមការត្រួតពិនិត្យរបស់មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន។ ការសាកល្បងខាងលើនេះ បានកើតឡើង ក្រោយពេលរដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានប្រកាសថា កូរ៉េខាងជើង នឹងតភ្ជាប់កិច្ចពិភាក្សាគ្នាជាមួយអាមេរិក ស្តីអំពីការរំសាយអាវុធបរមាណូ នៅចុងខែកញ្ញានេះ។ ទន្ទឹមនឹងនេះដែរ កូរ៉េខាងជើង ក៏បានស្នើដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បង្ហាញពីសុច្ឆន្ទៈរបស់ខ្លួន នៅក្នុងកិច្ចពិភាក្សា ដើម្បីទទួលបានជោគជ័យ បញ្ចប់នូវការប្រឈមមុខដាក់គ្នា៕