ដែនកោះហុងកុងពិបានរកឃើញទីបញ្ចប់នៃវិវាទ ប្រសិនបើមេដឹកនាំកោះហុងកុង មិនលាលែងចេញពីតំណែងនោះទេ។ កាលពីចុងសប្តាហ៍កន្លងមក បាតុកម្ម កំពុងឈានទៅរកហិង្សាហើយកម្លាំងសន្តិសុខបង្ខំចិត្ត ប្រើប្រាស់ រថយន្តបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមហ្វូងបាតុករ ដែលបានគប់គ្រវែងគ្រាប់បែកសាំង និងដុំឥដ្ឋ នៅក្បែរទីតាំងការិយាល័យរដ្ឋាភិបាល ក្នុងទីក្រុងហុងកុង ។
អំពើហិង្សាបានផ្ទុះឡើងបន្ទាប់ពីក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់បានដើរហែជាក្បួនប្រឆាំងនឹងបំរាមរបស់កងកម្លាំងប៉ូលិស ។ក្នុងពេលមុននេះផងដែរ បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអង់គ្លេសប្រចាំនៅហុងកុង ដោយទាមទារឱ្យចក្រភពអង់គ្លេសគាបសង្កត់ទៅលើរដ្ឋាភិបាលចិនឱ្យរក្សាសិទ្ធិសេរីភាព ដូចដែលបានធានាកាលពីក្នុងអំឡុងពេលប្រគល់ដែនដីនេះឆ្នាំ១៩៩៧យ៉ាងទទឹងទិសទៅវិញ ។
ភាពវឹកវរជាច្រើនខែត្រូវបានបង្កឡើងដោយសារតែច្បាប់ធ្វើបត្យាប័ន ដែលបច្ចុប្បន្ននេះត្រូវបានរំសាយចោលទៅហើយនោះ ។ច្បាប់បត្យាប័ននោះ អាចធ្វើឱ្យប្រជាជននៅហុងកុងជាប់ពន្ធនាគារនៅចិនដីគោកតាមរយៈការធ្វើច្បាប់មួយនេះ ។ ក្រុមអ្នករិះគន់បាននិយាយថា ពួកគេអាចប្រឈមទៅនឹងការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។
កាលពីដើមដើមខែកញ្ញាឆ្នាំ ២០១៩ច្បាប់បត្យាប័នរបស់រដ្ឋាភិបាលហុងកុងដែលគ្រោងនឹងបង្កើតឡើងនោះ ត្រូវបានប្រកាសលុបចោល ប៉ុន្តែពួកបាតុករនៅតែបន្តបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យពេញលេញ និងស៊ើបអង្កេត ការចោទប្រកាន់ប៉ូលិសថាបានប្រព្រឹត្តនូវអំពើឃោរឃៅនោះ។
ប្រភពព័ត៌មានបានផ្សាយថា ក្រុមបាតុករខ្លះបានគប់ដុំឥដ្ឋទៅលើប៉ូលិស ស្ថិតនៅខាងក្រៅមូលដ្ឋានកងទ័ពរំដោះប្រជាជនចិន ដែលនៅជិតទីតាំងអគាររដ្ឋសភាហុងកុង និងការិយាល័យរដ្ឋាភិបាល។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានផ្សាយថា ពួកបាតុករក៏បានដុតបដា ប្រកាសអំពីខួបលើកទី ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនផងដែរ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា រថយន្តបាញ់ទឹកមួយគ្រឿងត្រូវភ្លើងឆាបឆេះ ដោយសារការវាយប្រហារពីគ្រាប់បែកសាំងពីសំណាក់ក្រុមបាតុករ ។
ឡានបាញ់ទឹកមួយគ្រឿងផ្សេងទៀត បានននិងិងកំពុងបាញ់ទឹកពណ៌ខៀវ ដែលបានប្រើប្រាស់នៅតាមទីកន្លែងផ្សេងទៀត ជុំវិញពិភពលោក ដើម្បីកំណត់អត្តសញ្ញាណក្រុមបាតុករនៅពេលក្រោយនោះ ។ក្រុមបាតុករខ្លះគ្រវីទង់ជាតិអាមេរិកស្រែកអំពាវនាវឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ រំដោះដែនដីហុងកុងយ៉ាងងងើលពកថ្ងាស់។
ខណៈពេលដែលដែនដីហុងកុង គឺជាផ្នែកមួយរបស់ប្រទេសចិននោះ ការរៀបចំ“ប្រទេសមួយប្រព័ន្ធពីរ” គឺបានផ្តល់ឱ្យពលរដ្ឋហុងកុងនូវកម្រិតស្វ័យភាពយ៉ាងទូលំទូលាយ និងការពារសិទ្ធិ សេរីភាព ដូចជាសិទ្ធិការជួបជុំគ្នា និងសិទ្ធិសេរីភាពការបញ្ចេញមតិជាដើម ៕
ដោយ៖ មែវ សាធី