ភ្នំពេញ៖ នាវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្តេញជនជាតិវៀតណាមប្រមាណ ៨នាក់(ប្រុស) ឲ្យត្រឡប់ទៅស្រុកកំណើតវិញ តាមច្រកអន្តរជាតិក្អមសំណរ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃប្រាប់ឲ្យដឹងថា ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងរបស់លោកបានបណ្តេញជនជាតិវៀតណាមប្រមាណ ៨នាក់(ប្រុស) ដែលមកសំងំលួចលាក់រស់នៅធ្វើការ ដោយខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ជូនទៅកាន់ប្រទេសវៀតណាមវិញ តាមច្រកក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។ ជនជាតិវៀតណាមទាំង ៨នាក់នេះ ត្រូវបានកម្លាំងរបស់លោកបង្ក្រាប ៥នាក់នៅខេត្តព្រះសីហនុ និង៣នាក់ផ្សេងទៀតបង្ក្រាបបាននៅក្នុងរាជធានីភ្នំពេញ ។
ជាមួយនេះដែរលោកឧត្តមសេនីយ៍ប្រាប់បញ្ជាក់ឲ្យដឹងថា ស្ថិតិជនបរទេសដែលបានបណ្តេញចេញឆ្នាំ២០១៤ មានចំនួន ១៣០៧នាក់ ក្នុងនោះមានស្រី ២៧៧នាក់ មាន២៤ សញ្ជាតិ ដោយក្នុងនោះ ជនជាតិវៀតណាម ១០៥៩នាក់, ស្រី ២៤៥នាក់។ ចំណែកជនបរទេសដែលបានឃាត់ខ្លួន និងបណ្តេញចេញពីប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ មានចំនួន ៤៤២៤នាក់ ក្នុងនោះស្រី ៥៧៦នាក់ មាន ៤៩សញ្ជាតិ ក្នុងចំណោមទាំង ៤៤២៤នាក់ មានជនជាតិវៀតណាមចំនួន ៣៩៧៨នាក់, ស្រី ៥៣៧ នាក់ ។
ជនបរទេសដែលឃាត់ខ្លួន និងបណ្តេញចេញពីប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១៤ និងឆ្នាំ២០១៥ សរុបមានចំនួន ៥៧៣១នាក់ ក្នុងនោះស្រីមានចំនួន ៨៥៣នាក់, មាន ៥២សញ្ជាតិ ក្នុងនោះមានជនជាតិវៀតណាម ចំនួន ៥០៣៧នាក់, ស្រីមានចំនួន ៧៨២នាក់ ៕
...
ដោយ៖ សុខាសែនជ័យ