ខេត្តបន្ទាយមានជ័យ៖ ក្រោយពីភ្លៀងធ្លាក់ជាប់ៗគ្នាធ្វើឲ្យផ្ទះសម្បែងត្រូវបានជន់លិច ពលរដ្ឋជាង៥០គ្រួសារមានទីលំនៅជាប់អូរព្រំដែន នៅខាងត្បូងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព នៅល្ងាចថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានអំពាវនាវឲ្យពលរដ្ឋមានប្រុងប្រយ័ត្នមើលថែកូនចៅឲ្យបានល្អ បង្កើតការប្រុងប្រយ័ត្នចំពោះអគ្គីសនី និងសត្វមានពិស ព្រមទាំងដាក់កម្លាំងតាមដានទឹកត្រៀមជួយពលរដ្ឋឲ្យទាន់ពេលវេលាផងដែរ។
ភ្លៀងធ្លាក់ៗជាប់គ្នា និងហូរស្រុងពីផ្សាររោងក្លឿប្រទេសថៃ ភូមិជាច្រើននៅក្រុងប៉ោយប៉ែត រងនូវការជន់លិចផ្ទះសំបែង ផ្លូវជាតិលេខ៥ ផ្លូវរណប ផ្លូវលំ សាលារៀន ចំណតរថយន្ត វត្តអារាម ផ្សារ អាជ្ញាធរ និងសមត្ថកិច្ច បានជម្លៀសប្រជាពលរដ្ឋជាង៥០គ្រួសារ មកស្នាក់នៅចំណុចសាលាកូរ៉េ និងផ្សារមង្គល ដើម្បីរកទីទួលសុវត្ថិភាពជាបណ្តោះអាសន្នផងដែរ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានជម្លៀសរកទីទួលសុវត្ថិភាពនៅល្ងាចថ្ងៃទី២២ ខែកញ្ញានេះ ជាប្រជាពលរដ្ឋដែលមានលំនៅឋាន នៅជាប់អូរព្រំដែន និងដាក់កម្លាំងឲ្យសមត្ថកិច្ច និងអាជ្ញាធរជួយតាមដានស្ថានភាពទឹក ដើម្បីងាយស្រួលក្នុងការជួយសង្គ្រោះពួកគាត់ឲ្យទាន់ពេលវេលា ហើយព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ កំពុងជួយចម្លងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ជាពិសេសម៉ូតូ និងឲ្យកម្លាំងត្រៀមអាវពងការពារទឹកជូនពលរដ្ឋផងដែរ។
លោកបានបញ្ជាក់ថា ប្រមាណជា២ឆ្នាំទៀត ស្ថានភាពទឹកភ្លៀងជន់លិចក្រុងប៉ោយប៉ែតដោយស្ទះប្រព័ន្ធលូទឹកនិងគ្មានទៀតទេ ដោយអាជ្ញាធរ និងអង្គការADBកំពុងយកចិត្តទុកដាក់ ហើយក៏កំពុងសាងសង់លូប្រអប់កំពស់២,៥ម៉ែត្រ ទទឹង៣ម៉ែត្រចំនួន៤ខ្សែ ត្រៀមរំដោះទឹកចេញពីក្រុង និងបានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់មើលថែកូនចៅកុំឲ្យចុះលែងទឹក បង្កើនការប្រុងប្រយ័ត្នចំពោះអគ្គីសនី និងបងប្អូនដែលនៅជាប់មាត់អូរព្រំដែនសូមប្រុងប្រយ័ត្នខ្ពស់ជាមួយសត្វមានពិស ក្នុងពេលដែលទឹកកំពុងជន់លិចផងដែរ៕
ដោយ៖ វណ្ណា