ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដសាំយ៉ុង នឹងម៉ូតូបណ្ដាលឲ្យបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអធ័ម ខណៈអ្នកបើករថយន្តសាំយ៉ុងបើកវ៉ារថយន្តនៅពីមុខក្នុងល្បឿនលឿនទើបបណ្តាលឲ្យបុកស្លាប់តែម្តង រីឯអ្នកបើកបររត់គេចខ្លួនបាត់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅវេលា៩ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគោករុនឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។
លោកវរសេនីយ៍ត្រី ទេព ពុំសែនអធិការនគរបាលស្រុកពួកបានឲ្យដឹងថា៖ហេតុការនេះបង្កឡើងដោយ រថយន្តសាំយ៉ុងព៌ណស ស្លាកលេខ បាត់ដំបង 2A-8159 បើកបរដោយជនពុំស្គាល់អត្តសញ្ញាណ បើកពីកើតទៅលិច ដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូធុនវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឃ 0540-1 ឈ្មោះអ៊ុង ណាត ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរនៅភូមិ- ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បើកបរពីលិចទៅកើត។
លោកបានបន្តថា សពជនរងគ្រោះមានឈ្មោះ អ៊ុង ណាត បានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ចំណែករថយន្តបែកកង់ខូចផ្នែកខាងមុខ និងម៉ូតូខូចខាតទាំងស្រុង។
បច្ចុប្បន្ននេះសមត្ថកិច្ចបានប្រគល់សពឲ្យទៅគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងអស់ត្រូវបានដឹកយកមករក្សាទុកនៅអធិការនគរបាលស្រុកពួកដើម្បីរង់ចាំដោះស្រោយទៅតាមផ្លូវច្បាប់ ៕
ដោយ៖ ជានិរន្ដរ៍